ក្រសួងសេដ្ឋកិច្ចអះអាងថា មិនទាន់អាចវាយតម្លៃក្នុងកិច្ចអន្តរាគមន៍ហិរញ្ញវត្ថុ​ទំហំប៉ុនណា​ចំពោះវិបត្តិជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុកម្ពុជា បានអះអាងថា គិតមកដល់ពេលនេះ​ក្រសួង​មិនទាន់អាចវាយតម្លៃក្នុងកិច្ចអន្តាគមន៍ហិរញ្ញវត្ថុក្នុងទំហំប៉ុនណាដែលអាចទទួលរង​ផលប៉ះពាល់ដោយសារតែវិបត្តិជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ ដែលសកលលោកបាន​និងកំពុង​ជួបប្រទះ ក្នុងពេលបច្ចុប្បន្ននេះ។ តែទោះបីយ៉ាងណាក៏ដោយ ក្រសួងបាននិងកំពុងធ្វើ​កិច្ច​សហការជាមួយក្រសួងសុខាភិបាលដើម្បីដោះស្រាយចំពោះបញ្ហានេះ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋ​មន្រ្តី លោក អ៊ុង លុយណា អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច បាន​មានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល កំពុងជជែកគ្នាពីទំហំ និងការ​ងារដែលក្រសួងទាំងពីរត្រូវធ្វើ។ លោកបានបន្ដថា នៅក្នុងជំហាននេះ ក្រសួងបានផ្តល់​ថវិកា​តាមតែការស្នើសុំរបស់ក្រសួងសុខាភិបាល និងការធ្វើអន្តរាគមន៍ជាក់ស្តែង​ដែលមាន​កន្លងមក ហើយបន្ទាប់មកយើងកំពុងរៀបចំផែនការទាំងអស់នេះ។ លោកអគ្គនាយករងបានបន្ដទៀតថា ក្រសួងមិនទាន់អាចផ្តល់ជូននូវតួលេខនៃទំហំទឹកប្រាក់ ដើម្បីដោះស្រាយចំពោះបញ្ហាជំងឺ រលាកផ្លូវដង្ហើមកូវីដ-១៩ នៅពេលនេះបាននោះទេ។ ដោយឡែកចំពោះការកាត់បន្ថយ​ចំនួន​ថវិការបស់ក្រសួង ស្ថាប័នមួយចំនួនដែលលើកឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះ គឺក្រសួងសេដ្ឋកិច្ចកំពុងតែធ្វើការសិក្សាដូចគ្នា។

លោកបានបន្ថែមថា ប៉ុន្តែគោលដៅសំខាន់របស់យើងគឺថាធ្វើយ៉ាងណាឱ្យ​មាននិរន្តរ ភាពនៃរដ្ឋាភិបាលដែលជាចំណុចសំខាន់ដែលក្រសួងត្រូវធ្វើ។ ឯកឧត្តមបានបន្ថែមថា ចំពោះ​បញ្ហាខាងលើនេះ បញ្ហាប្រាក់បៀវត្សរ៍គឺក្រសួងនឹងមិនប៉ះពាល់នោះទេ។ គ្រាន់តែបញ្ហា​ថវិកា​មួយចំនួនផ្សេងទៀតដែលក្រសួងត្រូវធ្វើ។ ឯកឧត្ដមបានលើកជាឧទាហរណ៍ថា ប្រាក់បេស​ក​កម្មទៅក្រៅប្រទេស និងចំណាយផ្សេងទៀតដែលមិនប៉ះពាល់ដល់សកម្មភាព​ដំណើរ​ការ​របស់​រាជរដ្ឋាភិបាលក៏យើងនឹងមិនធ្វើផងដែរ។ តែយ៉ាងណាក៏ដោយ លោកអគ្គនាយករង បាន​សង្កត់​ធ្ងន់ថា វិធានការដែលយើងត្រូវប្រកាន់យកនៅពេលនេះ គឺត្រូវធ្វើការរួមគ្នាក្នុង​ការ​វាយតម្លៃ​ថាតើបញ្ហាជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩នេះ វាបង្កនូវផលប៉ះពាល់យ៉ាងដូចម្តេច ហើយ​រួមគ្នា​ធ្វើការដោះស្រាយ។ ជាមួយគ្នានេះ កម្ពុជាបានត្រៀមនូវសេណារីយូមួយចំនួន​ដែល​ត្រូវដាក់​ចេញ ប៉ុន្តែក្នុងស្ថានការណ៍ពេលនេះ គឺយើងមិនទាន់អាចបង្ហាញបាន​ដោយត្រូវ​រង់ចាំតាមដាន​ដោយយ៉ាង​ចិត្តទុកដាក់បន្ថែមទៀតជុំវិញការវិវត្តនៃវិបត្តិជំងឺ​រលាកផ្លូវដង្ហើម​កូវីដ-១៩នេះ។ នេះបើតាមការគូសបញ្ជាក់បន្ថែមពីលោក អ៊ុង លុយណា៕

ដោយ ចាន់ សុធីវង្ស