រដ្ឋបាលខេត្តព្រះវិហារ ​ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត»

AKP ព្រះវិហារ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — រដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរ​ក្រុង មន្ទីរ​ទេសចរណ៍​ខេត្ត​ បានប្រារព្ធទិវាជាតិ ទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអា ហារស្អាត» ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក គោស៊ុំ ប៊ុនសឿត អភិបាលខេត្តស្តីទី កាលពីថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅ​សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះវិហា​រ ខេត្តព្រះវិហារ  និងមានការចូលរួមផងដែរពីមន្ទីរ​ អង្គភាពជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូ​ យុវជន (ស.ស.យ.ក​) យុវជន​កាកបាទ​ក្រហម​ យុវ​ជនកាយ​រឹទ្ធិ​ខេត្តយ៉ាងច្រើនកុះករ។

លោក គោស៊ុំ ប៊ុនសឿត បានមានប្រសាសន៍ថា ដើម្បីបង្កើនភាពទាក់ទាញ និងភាពរស់រវើកនៃទីក្រុងទេសចរណ៍ យើងត្រូវរួមគ្នាជួយថែរក្សា ជួយទប់​ស្កាត់​ភាពគ្មានសណ្តាប់ធ្នាប់ ទប់ស្កាត់ការបោះសំរាមចោលពាសវាលពាសកាល និងត្រូវបង្កើនការផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយអំពីភាពស្អាត និងអនាម័យក្នុងសង្គមគ្រួសារ និងខេត្តឱ្យទៅជាតម្លៃសកល នៃប្រជា​ជន​យើង ជាមួយនោះ ការបំផុសយុទ្ធនាការ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» ដោយត្រូវចាប់ផ្តើមចេញពីសហគមន៍ នៅតាមសង្កាត់នីមួយៗ និងគ្រួសារប្រជាជននីមួយៗ ដោយបង្កើត​កម្មវិធីស្ម័គ្រចិត្តក្នុងសហគមន៍ ដើម្បីទីក្រុងស្អាត ជួយអប់រំចំណេះដឹងទូទៅសម្រាប់កុមារ យុវជន និងសាធារ​ណជនទូទៅ។ ត្រូវជំរុញចលនាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនៅគ្រប់ពេល និងគ្រប់ច្រកល្ហកនៅទូទាំងខេត្ត ត្រូវចាត់វិធានការ ឱ្យបានហ្មត់មត់​ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន បំផុសស្មារតី យើងរួមគ្នា ដើម្បី «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត»។

លោក គោស៊ុំ ប៊ុនសឿត បន្តទៀតថា តាមរយៈកិច្ចប្រឹងប្រែងទាំងអស់គ្នា ខេត្តព្រះវិហារនឹងក្លាយជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ ទាក់ទាញ និងផ្តល់សុខុមាលភាពល្អដល់ភ្ញៀវទេសចរ និងប្រជាជន ព្រមទាំងជាគោល​ដៅ​ទេសចរណ៍បៃតង ជាមួយនឹងស្នាមញញឹមរួសរាយ រាក់ទាក់ពីធម្មជាតិរបស់ប្រជាជនយើង៕

ដោយ ទិត ស្រ៊