ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣

AKP ព្រះសីហនុ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត លើកទី៩ អាណត្តិទី៣ ឆ្នាំ២០២០ ដើម្បីពិនិត្យសកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ មានរបៀប វារៈចំនួន៧រួមមាន៖ ១-មតិស្វាគមន៍បើកកិច្ចប្រជុំ, ២-ពិនិត្យកូរ៉ុម, ៣-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត, ៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត, ៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាល ខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០), ៦-ស្តាប់របាយការណ៍ របស់គណ:កម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ, គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ, គណៈកម្មាធិការលទ្ធកម្ម, គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស, គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត, គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មខេត្ត, ការិយាល័យប្រជាពលរដ្ឋខេត្តព្រះ សីហនុ និង៧.មតិបូកសរុបរបស់ប្រធានក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ មានប្រសាសន៍វាយតម្លៃ នៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានធ្វើប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។

ទន្ទឹមនឹងការអនុវត្តបានល្អ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលគ្រប់មន្ទីរ អង្គភាព ស្ថាប័នមួយចំនួនពុំទាន់អនុវត្តន៍បានល្អ ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ខេត្តនាពេលបច្ចុប្បន្ន ចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តកំណត់ទិសដៅការងារឆ្នាំ២០២០ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕

ដោយ ងូ សុមុនី