អ្នកនាំពាក្យក្រសួងសុខាភិបាលច្រានចោលការផ្សាយរបស់ទូរទស្សន៍សិង្ហបុរី(CNA)ថាកម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ចំនួន៦នាក់គឺជាព័ត៌មានមិនពិត

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា ធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានច្រានចោលថា តារាងតួលេខដែលខាងទូរទស្សន៍សរបស់សិង្ហបុរី (CNA) បានធ្វើការផ្សព្វផ្សាយដែលថា កម្ពុជាមានឆ្លងជំងឺកូវីដ១៩ចំនួន ៦នាក់នោះគឺជាព័ត៌មានមិនពិតនោះទេ។
លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជានៅមិនទាន់មានករណីឆ្លងថ្មីជំងឺកូវីដ១៩នៅឡើយទេ ពោលគឺមានតែមួយករណីទៅលើជនជាតិចិនអាយុ៦០ឆ្នាំនៅខេត្តព្រះសីហនុបានជាសះស្បើយ និងបានវិលត្រឡប់ទៅប្រទេសខ្លួនវិញ។ ចំពោះករណីជនជាតិជប៉ុនដែលបានចេញពីសៀមរាបទៅវៀតណាមហើយត្រូវបានរកឃើញថាមានឆ្លងជំងឺកូវីដ១៩នោះក្រសួងកំពុងតាមដាននិងធ្វើការស្រាវជ្រាវបន្តហើយនឹងបង្ហាញនៅសន្និសីទកាសែតនៅរសៀលនេះ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបក៏បានបញ្ជាក់ថា ក្រសួងសុខាភិបាលជប៉ុនពុំទាន់បានជូនដំណឹងជាផ្លូវការ ថាជនជាតិជប៉ុនមានឆ្លងនឹងកើតជំងឺ COVID-19 នៅឡើយទេ។

ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តពិនិត្យឃើញថា ថ្មីៗនេះមានការផ្សព្វផ្សាយជុំវិញព័ត៌មានថា មានជនជាតិជប៉ុនម្នាក់បានឆ្លងជំងឺ COVID-19 ដែលបានហោះចេញពីព្រលានយន្តហោះអន្តរជាតិសៀមរាបទៅជប៉ុនដោយឆ្លងកាត់ព្រលានយន្តហោះទីក្រុងហូជីមិញប្រទេសវៀតណាម រួចបន្តដំណើរទៅប្រទេសជប៉ុន។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានគូសបញ្ជាក់ថា ជនជាតិជប៉ុនរូបនេះគឺគាត់ជាអ្នករស់នៅនិងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាបមិនមែនមកដំណើរកម្សាន្តលក្ខណៈទេសចរណ៍នោះទេ។ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបមន្ទីរនិងក្រសួងសុខាភិបាល។

តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្តនិងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តបានបញ្ជាក់ថា មុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ។

ឯកឧត្តម អភិបាល ខេត្តបានណែនាំឱ្យមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងសហការជាមួយក្រសួងសុខាភិបាលដាក់ចេញនូវ វិធានការនានាដើម្បីត្រៀមបង្ការនិងស្រាវជ្រាវករណីនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។
ដូចនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិសូមមេត្តាជ្រាបជាព័ត៌មាន នឹងរង់ចាំការផ្សព្វផ្សាយជាផ្លូវការអំពីករណីនេះខាងភាគីជប៉ុនក៏ដូចជាក្រសួងសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ដោយ គង់ សិរីរ័ត្ន