ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្តីពីការរៀបចំធ្វើផែនការក្របខ័ណ្ឌសម្រាប់ឆ្នាំ២០២១ របស់រដ្ឋ បាលថ្នាក់ក្រោមជាតិ

AKP កំពង់ឆ្នាំង ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០–​ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្តីពីការរៀបចំធ្វើផែនការក្របខ័ណ្ឌសម្រាប់ឆ្នាំ២០២១ កាលពីថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈខេត្ត នាយកទីចាត់ការធនធានមនុស្សខេត្ត ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក មន្ទីរអង្គភាពខេត្ត ប្រធានការិយាល័យរដ្ឋបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក ខេម ផល្លី ប្រធានមន្ទីរមុខងារសាធារណៈខេត្ត បានឱ្យដឹងថា ការធ្វើគម្រោងផែនការក្របខ័ណ្ឌឆ្នាំ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងសិក្សា និងព្យាករអំពីគម្រោងផែនការក្របខ័ណ្ឌមន្រ្តីរាជការថ្មី និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២១ និងវិភាគមុខងារមន្ត្រីក្របខ័ណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា និងប្រភេទមន្ត្រីផ្សេងៗទៀតតាមរចនា  សម្ព័ន្ធ និងវិភាគមន្ត្រីរាជការក្របខ័ណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីបញ្ជូលក្នុងរចនាសម្ព័ន្ធតាមស្ថាប័ននីមួយៗឱ្យមានតម្លាភាព គុណភាព និងសមត្ថភាពប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ស្រ៊ន សំឫទ្ធី មានប្រសាសន៍ថា ការរៀបចំផែនការក្របខ័ណ្ឌ២០២១ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវឯកសារ គោលនយោបាយស្តីពី ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីរួមចំណែកសម្រេចបាននូវគោលបំណងនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យពិតប្រាកដ និងជាមធ្យោបាយដ៏មានសារៈ សំខាន់មួយយ៉ាងសកម្មក្នុងការបង្កើនប្រសិទ្ធភាព និងសមិទ្ធផល នៃការអនុវត្តគោលនយោ បាយធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ និងដើម្បីឱ្យមានសង្គតិភាពគ្នាជាមួយច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរដ្ឋបាល ឃុំ សង្កាត់, កំណែទម្រង់រដ្ឋបាលសាធារណៈ,ផែនការយុទ្ធសាស្ត្របញ្ជាក់យេនឌ័រក្នុងវិស័យមុខងារសាធារណៈ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍធន ធានមនុស្ស រដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅលើការគ្រប់គ្រងចាត់ចែង និងប្រើប្រាស់ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព ផលិតភាពឆ្លើយតបទៅនឹងតម្រូវ ការការងារ និងការប្រតិបត្តិនូវការពង្រឹង និងពង្រីកសមត្ថភាពបុគ្គលិក មន្ត្រីរាជការ តាមការអភិវឌ្ឍចំណេះដឹង ជំនាញ បទពិសោធន៍ ការផ្លាស់ប្តូរអាកប្បកិរិយា និងឥរិយាបថ របស់មន្ត្រីរាជការ ពីអ្នកគ្រប់គ្រងទៅជាអ្នកផ្តល់សេវាប្រកបដោយវប្បធម៌ សេវាសាធារណៈ ឆន្ទៈ ម្ចាស់ការ ភក្តីភាព សីលធម៌ និងមនសិការវិជ្ជាជីវៈខ្ពស់។

ឯកឧត្តម អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើឱ្យគ្រប់ស្ថាប័នទាំងអស់ត្រូវរៀបចំផែនការក្រប ខ័ណ្ឌក្នុងស្ថាប័នរបស់ខ្លួន ឱ្យស្របតាមនីតិវិធីច្បាប់ គោលនយោបាយ និងស្របតាមតម្រូវជាក់ស្តែង តាមផែនការ សកម្មភាពរបស់ស្ថាប័នខ្លួន និងទាន់ពេលវេលារបស់ក្រសួងមុខងារ សាធារណៈ បានកំណត់ ៕

ដោយបៃ ស៊ីថុន