ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ៥,៧៦៦ករណី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះថា បានរកឃើញអ្នកឆ្លងថ្មីនៃមេរោគ COVID-19 ចំនួន ៤៣៨នាក់បន្ថែមទៀត នាំឲ្យចំនួននៃការឆ្លងសរុបកើនដល់ ៥,៧៦៦នាក់ នៅទូទាំងប្រទេស។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី០៥ ខែមីនា ឆ្នាំ ២០២០។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ ភាគច្រើននៅក្រុងដេហ្គូ(Daegu) ស្ថិតនៅភាគអាគ្នេយ៍ ដែលជាកន្លែងផ្ទុះជំងឺនេះ និងនៅខេត្តគ្យុងសាងខាងជើង។ ពេលនេះអាជ្ញាធរកំពុងតែឈានទៅដល់ការធ្វើតេស្តប្រជាជនទូទៅ នៅក្នុងទីក្រុងដេគូតែម្តង ដោយសារតែពេលនេះវីរុស COVID-19 បានបង្ហាញសញ្ញារាតត្បាតឥតឈប់ឈរឡើយ។ សម្រាប់ករណីឆ្លងថ្មីៗដែលត្រូវបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះគឺមាន ៤៣៨ករណីក្នុងនោះ ៣២០ករណីរកឃើញនៅទីក្រុងដេគូ និង ៨៧ករណីនៅខេត្តគ្យុងសាងខាងជើង សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់ ៥,៧៦៦ករណី ខណៈអ្នកស្លាប់មានចំនួន៣៥នាក់ ដែលភាគច្រើនជាមនុស្សមានវ័យចាស់ជរា៕
ប្រភព៖សារព័ត៌មាន Channel News Asia