ម៉ាឡេស៊ីរកឃើញអ្នកឆ្លង COVID-19 ចំនួន១៤នាក់បន្ថែមទៀត

វិទ្យុជាតិកម្ពុជា: លោក ភួង ឈុនលាង


តាមសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា បានរកឃើញអ្នកឆ្លង COVID-19 ចំនួន១៤នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកផ្ទុក COVID-19 នៅទូទាំងប្រទេសកើនឡើងដល់ ៥០ នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
យោងតាមក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងទៀតថា ការឆ្លងថ្មីៗទាំង ១៤ករណីនេះគឺជាករណីចម្លងវីរុស COVID-19 ពាក់ព័ន្ធនឹងអ្នកឆ្លងមេរោគ COVID-19 ទី ២៦ នៅក្នុងប្រទេស ដែលអ្នកដែលមានការជិតស្និទ្ធនឺងអ្នកជំងឺទី ២៦ មានចំនួនរហូតដល់ទៅ ២១៥ នាក់ ប៉ុន្តែមកទល់នឹងពេលនេះមានតែ ១៦ នាក់ប៉ុណ្ណោះរកឃើញថាមានផ្ទុកវីរុសកូរ៉ូណាថ្មី ហើយមាន១៩នាក់ទៀតគ្មានការឆ្លង ខណៈ ១៨០នាក់កំពុងរង់ចាំលទ្ធផលធ្វើតេស្ត។
សូមបញ្ជាក់ជូនដែរថា អ្នកជំងឺ COVID-19 ទី ២៦ នៅប្រទេសម៉ាឡេស៊ី គឺជាបុរសជនជាតិម៉ាឡេស៊ី អាយុ ៥២ ឆ្នាំដែលមានប្រវត្តិធ្វើដំណើរទៅទីក្រុងសៀងហៃកាលពីពាក់កណ្តាលខែមករា ក្រោយមកមានលេចចេញជារោគសញ្ញាក្តៅខ្លួន និងឈឺបំពង់ក ក្រោយមកត្រូវបានពិនិត្យឃើញថាមានផ្ទុក ជំងឺ COVID-19។

ប្រភព៖ ព័ត៌មាន Channel News Asia