ខេត្តតាកែវប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០

AKP តាកែវ ថ្ងៃទី​០៥ ខែមីនា​ ឆ្នាំ២០២០ — កាលពីព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤​ ខែមីនា​ ឆ្នាំ២០២០ នៅសាលមហោស្រពខេត្តតាកែវ បានរៀប ចំប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»។ ​ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ និន សាផុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសបងប្អូនមន្ត្រីរាជការជានារីមកពីគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុកទូទាំងខេត្តតាកែវយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោកជំទាវ និន សាផុន បានថ្លែងថា សិទ្ធិសេរីភាពរបស់ស្ត្រីក្នុងការចូលរួមរាល់សកម្មភាពសង្គមមានសារៈសំខាន់ណាស់ ដូចប្រធានបទថា «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»។ គឺមានគោលបំណងបញ្ជាក់ពីតម្លៃសនៃសន្តិភាព និងអរគុណសន្តិភាពដែលបានប្រែក្លាយប្រទេសកម្ពុជាពីបាតដៃទទេ គ្មានសិទ្ធិសេរីភាព គ្មានសិទ្ធិមនុស្សឱ្យក្លាយទៅជាប្រទេសមួយប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ បាននិងកំពុងអភិវឌ្ឍន៍លើកគ្រប់វិស័យ។ ស្ត្រីគឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជាលំដាប់។

លោកជំទាវ និន សាផុន ​មានប្រសាសន៍បន្តថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ក្នុងថ្ងៃនេះ ដើម្បីរម្លឹកដល់ការតស៊ូរបស់បងប្អូននារីនៅលើពិភពលោក និងដើម្បីរម្លឹកដល់ថ្ងៃដែលនារីត្រូវបានគាំទ្រ និងទទួលស្គាល់ពីសង្គម។ នារីទទួលបានសិទ្ធិសេរីភាពពេញលេញ និងស្មើភាពគ្នាជាមួយបុរសលើការងារ។ ការលើកកម្ពស់សិទ្ធិ សេរីភាព ស្ថានភាពជីវភាពចំណេះដឹង និងឋានៈ តួនាទីរបស់ស្ត្រីដែលរាជរដ្ឋាភិបាលកម្ពុជាយើងបាននិងកំពុងខិតខំប្រឹងប្រែងជួយឱ្យស្ត្រីមានលទ្ធភាពអាចចូលរួមរាល់សកម្មភាព​ ដើម្បីអភិវឌ្ឍន៍សង្គមជាតិជាមួយបុរសប្រកបដោយចីរភាព។ព្រមទាំងធ្វើឱ្យបានសម្រេចលើសមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីទាំងអស់ឱ្យមានភាពក្លាហាន និងហ៊ានតស៊ូមតិនៅក្នុងសង្គម។

លោកជំទាវ និន សាផុន​ មានប្រសាសន៍បន្ថែមថា សមភាពយេនឌ័រ គឺជាស្នួលនៃកិច្ចអភិវឌ្ឍន៍និងភាពសុខដុមរមនានៃសង្គមជាតិ។ការកាត់បន្ថយគម្លាតយេនឌ័រធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែលឿន ​ព្រោះស្ត្រីជួយរកប្រាក់ចំណូលសម្រាប់គ្រួសារ។ ស្ត្រីជាអ្នកគិតគូរ និងជាអ្នកទំនុកបម្រុងនៅក្នុងគ្រួសារ ពិសេសស្ត្រីជាមាតាដ៏ល្អ ជាម្តាយមើលថែ និងអប់រំកូនចៅបានល្អប្រសើរ។ ដូច្នេះស្ត្រីទាំងអស់ត្រូវមានភាពក្លាហាន និងចូលរួមគ្រប់សកម្មភាពសង្គមជាមួយនឹងបុរស ដើម្បីធ្វើឱ្យសង្គមជាតិមានការអភិវឌ្ឍ និងការរីកចម្រើន ព្រោះបើចូលរួមតែបុរសមិនគ្រប់គ្រាន់ទេ មានស្ត្រីនៅក្នុងសង្គម គឺមានអ្វីៗទាំងអស់៕

ដោយ អ៊ុច សៀង