រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីចាត់ទុកការវិនិយោគលើវិស័យអចលនវត្ថុរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិកើនរហូតដល់១១,០០០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់បានចាត់ទុក វិស័យអចលនវត្ថុជា​វិស័យមួយដែលជំរុញសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០១៩នេះ ដោយក្នុងនោះការវិនិយោគលើវិស័យ​នេះក្នុងព្រះរាជាណាចក្រកម្ពុជាមានរហូតដល់១១,០០០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩ បើប្រៀបធៀបនឹងឆ្នាំ២០១៨ គឺមានតែ៥,៥០០លានដុល្លារអាម៉េរិកប៉ុណ្ណោះ​គឺមានការកើន​ឡើងរហូតដល់៩០ភាគរយ។ នេះគឺជាការលើកឡើងរបស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្នុងពិធីលៀងសាយភោជន៍អប​អរសាទរសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់​ឆ្នាំ២០២០របស់សមាគមអសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីរាត្រីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានមានប្រសាសន៍ថា ការវិវត្តរីកចម្រើន​នៃ​វិស័យសំណង់ស្របនឹងឱកាសដែលសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួន ដែលនេះគឺជាការផ្លាស់ប្តូរនូវបទពិសោធន៍កម្រិត​ជំនាញ​ការយល់ដឹងនិងគិតគូរអំពីគំនិតយោបល់សម្រាប់ជំរុញនូវការអភិវឌ្ឍ ផ្លាស់ប្ដូរបទ​ពិសោធន៍ពី​គ្នាទៅវិញទៅមកជាពិសេជំរុញដល់កំណើនខាងវិស័យអចលនវត្ថុនេះកាន់តែកើនឡើងថែមទៀត។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ​លទ្ធផលដែលទាំងអស់គ្នាបានកត់ត្រា​ទុក​​នាពេលបច្ចុប្បន្ននេះយើងឃើញថានៅទីណាក៏មានសំណង់លំនៅឋានល្អទំនើបខ្ពស់ៗ រីឯបុរី​លំនៅឋានមានរហូតដល់៣២០បុរី ដែលកាលពីមុនមិនមានបុរីបែបនេះឡើយ។ ​ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីបានកោតសរសើរដល់អ្នកអភិវឌ្ឍន៍បុរីលំនៅឋានដែលបានកែច្នៃបុរីនីមួយៗឱ្យមានសោភ័ណភាព និងរឹងមាំដែលអាចចូលរួមលើកកម្ពស់បរិស្ថានដោយ​បានរួមចំណែក​បង្កើតផ្ទៃបៃតងសំដៅទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ ជាមួយគ្នានេះ នៅក្នុងបុរីនីមួយៗ​យ៉ាងហោចណាស់ក៏មានហេដ្ឋារចនាសម្ព័ន្ធបង្កប់ក្រោមដីប្រវែង៥ទៅ៦គីឡូម៉ែត្រ បើមិនមាន​ការ​ស្ថាបនាផ្លូវ លូ ឬភ្លើងបំភ្លឺទេនោះគឺមិនអាចងាយស្រួលលក់​ដូរសម្រួលដល់ការរស់នៅ​របស់អតិថិជននោះឡើយ។ ដូច្នេះយើងទទួលស្គាល់និងឱ្យតម្លៃថា​នេះគឺជាការរួមចំណែក​ក្នុងការអភិវឌ្ឍទីក្រុង និងទីប្រជុំជនដោយឯកឯង ហើយវិស័យឯកជនគឺបានរួមចំណែក​ជាមួយនឹងរដ្ឋ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ដថា ចំពោះបញ្ហាសន្តិសុខគឺយើងបានទទួល​ស្គាល់​ថាទីណាដែលមានបុរីគឺចាត់ទុកថាជាភូមិមួយ ជាបណ្តុំនៃសហគមន៍មួយដែលប្រជាពលរដ្ឋ​មានទុនដើម្បី​ទិញលំនៅឋាន​ក្នុងបុរីដែលមានសន្តិសុខប្រចាំការ មានអ្នករៀបចំជួសជុលក្នុង​ការ​​ឆ្លើយតប​ជាមួយនឹង​អតិថិជនរបស់ខ្លួន ហើយសន្តិសុខនៅទីនោះត្រូវបានធានាដែលនេះ​ក៏អាចនិយាយបានថាជា​ការរួមចំណែកនៅក្នុងការអភិវឌ្ឍភូមិ ឃុំមានសុវត្ថិភាព កាត់បន្ថយ​បាន​នូវក្តីកង្វល់ ឬការភ័យខ្លាចរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងបុរីនោះ។ ក្រៅពីនេះក៏​យើងវាយតម្លៃខ្ពស់ថាដោយសារការអភិវឌ្ឍបែបនេះហើយទើបយុវជនមានការងារធ្វើ និង​បន្ថែម​ពីនេះចំពោះការអភិវឌ្ឍលំនៅឋានរបស់ម្ចាស់បុរីហាក់​ដូចជាបានជួយរកការ​ងារ​ធ្វើឱ្យ​វិស្វករស្ថាបត្យករ អ្នកសិក្សាគម្រោងប្លង់ផងដែរ។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីបានបន្ដទៀត​ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគាំទ្រ​និងបើកទូលាយ​ដល់​វិស័យឯកជនដែលជាគំនាស់សេដ្ឋកិច្ចបន្ថែមទៀត គឺផ្តល់​ការគាំទ្រដល់​វិស័យ​ឯកជននេះ រាជរដ្ឋាភិបាលនឹងទទួលបានផលប្រយោជន៍មក​វិញតាមរយៈ​ការបង់ពន្ធ ការលក់​ដូរអចលនទ្រព្យជាដើម។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីបាន​កោតសរសើរ​ដល់សហគ្រិនវ័យក្មេងដែលមានសេចក្តីក្លាហាននិងកិត្តិយសចំពោះការប្រកាសពន្ធដោយត្រឹមត្រូវប្រកបដោយឆន្ទៈនិងមានមោទនភាពហើយរីករាយក្នុងការរួមចំណែកដោយមិនមានការលួចលាក់ពន្ធ ដែលសហគ្រិនវ័យក្មេងជំនាន់ថ្មីទាំងនេះ​ជាធនធានមនុស្សក្រោមការបណ្តុះ​បណ្តាលរបស់រាជរដ្ឋាភិបាលដែលពួកគាត់មានសីលធម៌ខ្ពស់និងវិជ្ជាជីវៈពិតប្រាកដ។

លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នសមាគមមានសមាជិកសរុប៥៨ក្រុមហ៊ុន សុទ្ធសឹងជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន​និងមានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកវិនិយោគលើវិស័យអចលនទ្រព្យជាតិ និងអន្តរជាតិ​ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោកឧកញ៉ាបានលើកឡើងថា សំណង់លំនៅឋាន​នៅតែជា​តម្រូវការយ៉ាងខ្ពស់ទៅថ្ងៃអនាគត ដូច្នេះសមាគមក៏ត្រូវតែបន្តការខិតខំទៅមុខយូរ​អង្វែង និងបន្តពង្រីកសក្តានុពលរបស់ខ្លួនឈរលើចក្ខុវិស័យ​និងទិសដៅវែងឆ្ងាយក្នុងការ​ចូល រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោកឧញ៉ាបានបន្ដថា សមាគមមានទស្សនវិស័យមួយ​ទៀតគឺលើកកម្ពស់ស្តង់ដារវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែខ្ពស់ដោយមិនមែនផ្តោតសំខាន់លើតែសំណង់លំនៅឋាន ឬបុរីប៉ុណ្ណោះទេ តែក៏ផ្តោតលើអគារខុនដូរ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារទំនើបខ្ពស់ៗជាសំខាន់ព្រោះថាអគារខ្ពស់ៗទាំងនោះ​គឺជាប៉ូលដ៏សំខាន់​នៃ​ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជាជាមួយពាណិជ្ជកម្មអន្តរជាតិ និងដើរតួនាទីយ៉ាង​សំខាន់ក្នុងការធ្វើសេវាពាណិជ្ជកម្មអន្តរជាតិព្រមទាំងចូលរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ជាមួយគ្នានេះ លោកឧកញ៉ាបានបន្ថែមទៀតថា​ ដោយឈរលើភាពរីកចំរើននៃវិស័យ​អភិវឌ្ឍន៍​លំនៅឋានឥតឈប់​ឈរ​ដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិនោះ សមាគម​បាន​រួម​​ចំណែកអភិវឌ្ឍន៍វិស័យ​អចលនទ្រព្យមិនថានៅរាជធានីភ្នំពេញទេ សូម្បីតែនៅតាម​បណ្តា​ខេត្ត ដោយបានប្រែក្លាយ​ដីឱ្យមានតម្លៃពោរពេញទៅដោយសំណង់អគារទំនើប បុរីលំ​នៅឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និងសំណង់បែបទំនើបៗ​មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញផ្លូវ បណ្តាញទឹក និងមានប្រព័ន្ធអគ្គិសនី លើក​កម្ពស់​ជីវភាពរស់នៅរបស់ប្រជា​ពល​រដ្ឋបានសមរម្យផ្តល់ឱ្យពួកគាត់មានការងារធ្វើ រួមចំណែក​ជួយដល់រាជរដ្ឋាភិបាល​តាមរយៈ​ការបង់ពន្ធ ជំរុញកំណើនសេដ្ឋកិច្ចជាតិ​និងលើកកម្ពស់​កិត្តិ​យសកិត្យានុភាពជាតិ​កម្ពុជាចំពោះ​អន្តរជាតិផងដែរ៕

ដោយ អ៊ុន រិទ្ធី