រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត »

AKP កំពង់ឆ្នាំង ថ្ងៃទី០៥​ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងទិវាទីក្រុងស្អាតលើកទី៨ ក្រោមប្រធានបទ “ ទីក្រុងស្អាត ទីក្រុងដែលមានវីថីម្ហូបអាហារស្អាត ” ។ ពិធីនេះធ្វើឡើងនៅបរិវេណសួនច្បារដើមពោធិ៍មាត់ទន្លេ ផ្សារក្រោមស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ស៊ុន សុវណ្ណារិទិ្ធ បានមានប្រសាសន៍ថា ទីក្រុងស្អាត មានសោភណភាពល្អ គឺផ្តើមចេញពីយើងគ្រប់រូបនាំគ្នាចូលរួមអនុវត្តន៍ រក្សាសម្អាតអនាម័យបរិស្ថានល្អគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ឯកឧត្តមបានបន្តថា មន្រ្តីរាជការ ប្រជាពលរដ្ឋ ត្រូវបន្តសម្អាតអនាម័យបរិស្ថាននៅតាមស្ថាប័ន តាមលំនៅឋាន ទីកន្លែងសាធារណ:នានាក្នុងទីក្រុង និងជនបទ ដើម្បីទទួលបានមកវិញនូវសុខុមាលភាពល្អ។ ទីក្រុងស្អាតគឺជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្ត និងឆ្លងកាត់ ហើយបានចូលរួមប្រឡងប្រណាំងទីក្រុងស្អាតពីថ្នាក់ជាតិ ថ្នាក់តំបន់ និង អាស៊ានផងដែរ។

ឯកឧត្តមបានលើកឡើងផងដែរថា ក្រោមការជួយគាំទ្រសព្វបែបយ៉ាង ពីរដ្ឋបាលខេត្តក៏ដូចជាមន្ទីរជំនាញ និងការចូលរួមរបស់ប្រជាពលរដ្ឋ អាជីវករ អង្គការ សមាគមន៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះបាននាំឱ្យខេត្តកំពង់ឆ្នាំងជាក្រុងដែលមានវិថីម្ហូបអាហារស្អាតនាំឱ្យមានកម្មវិធីនាថ្ងៃនេះ។

ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា  ទិវាជាតិទីក្រុងស្អាត ឆ្នាំទី៨ នៃប្រធានបទ  «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា វិថីម្ហូបអាហារ គឺជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអាចផ្ដល់នូវបទពិសោធន៍ និងការចងចាំសម្រាប់ភ្ញៀវទេសចរ។ ដែលជាទូទៅភ្ញៀវទេស ចរតែងប្រាថ្នាចង់ដើរកម្សាន្ត និងទទួលទានម្ហូបអាហារដែលប្រកបដោយអនាម័យ និងជឿទុក ចិត្ត ខណៈដែលវិថីម្ហូបអាហារ ក៏ជាផ្នែកមួយនៃទេសចរណ៍ម្ហូបអាហារ ដែលផ្សាភ្ជាប់ការអភិ   វឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ទៅនឹងជីវភាពប្រជាជន វប្បធម៌ និងទំនៀមទម្លាប់ ព្រមទាំងជួយជំរុញអាជីវកម្មខ្នាតតូចបែបគ្រួសារ ឱ្យរីកលូតលាស់បានយ៉ាងមានប្រសិទ្ធភាព។ ជាការពិតវិស័យ ទេសចរណ៍ និងម្ហូបអាហារមានទំនាក់ទំនងជាសារវន្តពីរ គឺម្ហូបអាហារ ជាផលិតផលទេសចរ ណ៍ ឬសេវាកម្មទេសចរណ៍ និងម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ដ៏ទាក់ទាញ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើន៕

ដោយ បៃ ស៊ីថុន