ក្រុមប្រឹក្សា​​​​​ខេត្តរតនគិរីបើក​កិច្ចប្រជុំវិសាមញ្ញ អាណត្តិទី ៣ របស់ខ្លួន​​​​

AKP ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំវិសាមញ្ញអាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្ដម មួង ប៉ាង​ អភិបាលរងខេត្ត និង មានការចូល​រួមពីសំណាក់ ឯកឧត្ដម​ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលា​ខេត្ត នាយក​ នា​យករងគ្រប់វិស័យនៃសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តព្រមទាំងមន្ត្រីរាជការ​សាលាខេត្តពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្ដម មួង ប៉ាង អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័នអង្គភាព អ្នក​ពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក​ ជាពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សា​ខេត្ត ដែលបានជួយជំរុញឱ្យការងាររដ្ឋបាលខេត្តរតនគិរី សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ នាពេល​កន្លងមក។ ឯកឧត្ដមក៏សង្ឃឹមថា ក្នុងអាណត្តិទី៣ ​សមាជិកក្រុមប្រឹក្សាខេត្តអាណត្តិនេះ រួមគ្នាជាមួយគណ:​អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តអនុវត្តន៍ជំរុញឱ្យរដ្ឋបាលខេត្តរតនគិរី សម្រេចបានលទ្ធផល​ការងារល្អៗជាបន្តទៀតផងដែរ។

ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមាន​សារ:​សំខាន់ចំពោះការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំណុចខ្វះខាត ដែល​សមាជិកបានចូលរួមទាំងអស់អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អឱ្យកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អទាំងអក្ខរាវិរុទ្ធ ឃ្លាឃ្លោង និងខ្លឹមសារពោរពេញដោយអត្ថន័យ ៕

ដោយ ណយ នឿន (ប្រភពៈ មន្ទីរព័ត៌មានខេត្តរតនគិរី)