សិស្សនាយនគរបាល សរុបចំនួន២៣៤នាក់ ចូលរួម​បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ​នគរបាល ជំនាន់ទី១៤ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៦

AKP កំពង់ឆ្នាំង ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង សរុបចំនួន២៣៤នាក់ ក្នុងនោះនារី​ចំនួន៥១នាក់ បានចូលរួមបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ដើម្បីអភិវឌ្ឍន៍​សមត្ថភាពវិជ្ជាជីវៈ ពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាល និងលើក​កម្ពស់​ក្រមសីលធម៌វិជ្ជា​ជីវៈនគរបាល និងក្លាយទៅជានគរបាលពេញលក្ខណៈ និងក្របខណ្ឌនគរបាលជាតិ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ក្របខ័ណ្ឌឆ្នាំ២០១៩ ជំនាន់ទី១៤ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៦ ស្ថិតនៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋាន​បណ្តុះ​បណ្តាលបានសម្តែងនូវការសាទរចំពោះ​សិស្ស​នគរបាលទាំងអស់ដែលបានប្រឡងជាប់ជាស្ថាពរ ឱ្យចូលបម្រើក្របខណ្ឌមន្ត្រីនគរបាលជាតិ ក្រសួងមហាផ្ទៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ច​ខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់របស់លោកនាយកសាលានគរបាលជាតិភូមិភាគ៦ និងមន្រ្តីក្រោមឱវាទ ក្នុងការគ្រប់គ្រងនិងចាត់ចែងដំណើរការវគ្គបណ្តុះ​បណ្តាលនេះ ឱ្យដំណើរការទៅល្អប្រសើរ ផ្អែកតាមផែនការគ្រប់គ្រងវគ្គ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់ចេញនូវគោលនយោបាយកំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់​ប្រភេទ ដោយផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ​នៃកង​កម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសាកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុង​សហគមន៍សេដ្ឋកិច្ចអាស៊ាន។ ទន្ទឹមនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ធនធានមនុស្សនិងផែនការជ្រើស​រើសមន្រ្តីនគរបាលបន្តវេន ព្រមទាំងបានផ្ដល់ការគាំទ្រគ្រប់បែបយ៉ាង ទាំងស្មារតី សម្ភារ និង​ហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ ពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាល និងលើក​កម្ពស់​ក្រមសីលធម៌វិជ្ជាជីវៈ ដល់មន្ដ្រីនគរបាលជាតិនិងមន្ដ្រីពន្ធនាគារ ឱ្យស្របតាមតម្រូវការ​នៃ​អង្គភាពប្រើប្រាស់កងកម្លាំង និងធានាបាននូវភាពម្ចាស់ការលើការងារបណ្ដុះបណ្ដាល ដោយកាត់បន្ថយការបញ្ជូនមន្ត្រីនគរបាលជាតិទៅសិក្សា ឬបណ្ដុះបណ្ដាលនៅក្រៅប្រទេស។

ឯកឧត្តម នាយឧត្តមសេនីយ៍បានរម្លឹកផងដែរថា តាមគោលការណ៍ដែល​មាន​ចែង​​ក្នុងព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា បេក្ខជន​ទាំងពីរភេទដែលបានប្រឡងជាប់ជាស្ថាពរទាំងអស់ ចាំបាច់ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាល​កម្រិតបឋមវិជ្ជាជីវៈនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា មុនចេញទៅបម្រើការនៅ​តាម​អង្គភាពនានា ក្នុងទូទាំងប្រទេស។ ដូច្នេះហើយ ទើបមាន«វគ្គបណ្តុះបណ្តាល​កម្រិតបឋមវិជ្ជា​ជីវៈនគរបាល» នេះសម្រាប់ប្អូនៗទាំងអស់គ្នានាពេលនេះ ហើយវាគឺជាថ្ងៃប្រវត្តិសាស្រ្ត​សម្រាប់ជីវិតរបស់ប្អូនម្នាក់ៗដែលបានប្រែក្លាយខ្លួនពីភាពជាជនស៊ីវិល មកជាសិស្សនាយ​នគរបាល សិស្សនាយនគរបាលរង ហើយនឹងក្លាយជាកងកម្លាំងនគរបាលជាតិកម្ពុជា​ពេញ​លក្ខណៈតាមរយៈការប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រោយបញ្ចប់​វគ្គ​សិក្សា​និងប្រឡងជាប់ស្ថាពរពីវគ្គបណ្ដុះបណ្ដាលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍បាន​បញ្ជាក់​បន្ថែមថា ប៉ុន្តែ បើប្អូនៗមិនបានប្រឡងជាប់ជាស្ថាពរទេ នោះប្អូនៗ នឹងមិនត្រូវបាន​ប្រកាស​តាំងស៊ប់ ដើម្បីក្លាយជាមន្ត្រីនគរបាលពេញលក្ខណៈនោះទេ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានលើកឡើងបនែមថា បណ្ឌិត្យសភាបានប្រកាន់​ខ្ជាប់នូវគោលការណ៍បីយ៉ាង គឺ ១. គោលការណ៍សមធម៌ ២. គោលការណ៍មិនលម្អៀង និង៣. វប្បធម៌គុណភាព។ ចំពោះគោលការណ៍សមធម៌ គឺអ្នកដែលខិតខំយកចិត្ដទុកដាក់សិក្សា​រៀនសូត្រ និងគោរពវិន័យបានល្អ ពិតជាទទួលបានជោគជ័យ និងការលើកទឹកចិត្ដ។
គោល​ការណ៍មិនលម្អៀង គឺមិនមានការយោគយល់ ឬមានការលើកលែង ឬ អនុគ្រោះអ្វី​ទាំងអស់ចំពោះអ្នកសិក្សាដែលមិនបានគោរពវិន័យនិងមិនបានបំពេញគ្រប់លក្ខខណ្ឌនានាក្នុងការទទួលបានវិញ្ញាបនបត្រ។ ចំណែកវប្បធម៌គុណភាព គឺវគ្គបណ្ដុះបណ្ដាលនីមួយៗ ផ្ដោតខ្លាំងទៅលើគុណភាព ពោលគឺ “និស្សិត សិក្ខាកាម និងសិស្សទាំងអស់ត្រូវរៀនឱ្យចេះ មិនមែនគ្រាន់តែរៀនឱ្យចប់នោះទេ ” ហើយគុណភាពមិនអាចសម្របសម្រួលបានទេ។

យោងតាមរបាយការណ៍របស់លោកនាយកសាលានគរបាលជាតិភូមិភាគ៦ បានឱ្យ​ដឹង​ថា សិស្សនគរបាល វគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៤ លើកទី២ នេះ គឺមក​ពីនាយកដ្ឋានអង្គរក្ស ចំនួន២៣៤នាក់ ក្នុងនោះនារី ៥១នាក់ ដោយត្រូវសិក្សាមានរយៈពេល​៤ខែ៕

ដោយ ឡុង ស៊ីវ៉ាន់