ឯកឧត្តម នាយឧត្ដមសេនីយ៍ គន់ គីម អញ្ជើញចូលរួមបូកសរុបការងារគ្រប់គ្រងគ្រោះមហន្ដរាយឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ នៅខេត្តបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០–នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព. ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ដរាយ និង ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិ ការនិងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារគ្រប់គ្រងគ្រោះមហន្ដរាយឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង។ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ជាច្រើននាក់ផងដែរ។

ក្នុងពិធីនេះដែរ ឯកឧត្តម ងួន រតន: អភិបាលខេត្ត និងជាប្រធានកិត្តិយគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានធ្វើរបាយការណ៍សង្ខេប បូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ផងដែរ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច ប្រធានសមាគមអតីតយុទ្ធជនខេត្ត ក៏បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនខេត្ត ឆ្នាំ២០១៩ និងទិសដៅការងារអនុវត្តន៍ឆ្នាំ២០២០ រួចមក ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងធន ធានទឹកនិងឧតុនិយម មានប្រសាសន៍ថា ទាក់ទងនឹងប្រជាពលរដ្ឋដែលបានចោះប្រឡាយបង្ហូរទឹកខុសបច្ចេកទេស។ ការចោះប្រឡាយដោយខ្លួនឯងរបស់បុគ្គលផ្ទាល់ខ្លួនកន្លងមកដោយគ្មានការអនុញ្ញាតនោះ គឺអ្នកដែលមានដីច្រើនរាប់រយហិកតា មិនមែនកសិករមានដី២ទៅ៣ហិកតានោះទេ ។ សូមប្រជាកសិករទាំងឡាយណាបើចង់ចោះប្រឡាយ សូមអញ្ជើញមកដាក់ពាក្យស្នើសុំពីមន្ទីរជំនាញជាមុនសិន រួចមន្ទីរជំនាញនឹងអនុញ្ញាតឱ្យចោះទៅតាមលក្ខណៈបច្ចេកទេសចៀសវាងមានការខូចខាតប្រយោជន៍រួម បាត់បង់អស់ថវិកាជាតិជាច្រើនសម្រាប់ជួសជុលឡើងវិញ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ គន់ គីម បានមានប្រសាសន៍ថា យើងបាននាំគ្នាចូលរួមដោះស្រាយបញ្ហាដីធ្លីជូនអតីតយុទ្ធជននៅតាមមូលដ្ឋានជាក់ស្តែង ដោយបានជួយធ្វើផ្ទះ ដីធ្លីជាដើម ។ ការចុះសួរសុខទុក្ខដល់អតីតយុទ្ធជាប្រចាំ ដើម្បីលើកទឹកចិត្តពួកគាត់ ដោយឡែកសពអតីតយុទ្ធជនក៏ត្រូវយកចិត្តទុកដាក់ផងដែរ។ ឯកឧត្តម បានណែនាំដល់អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក អាជ្ញាធរមូលដ្ឋានត្រូវសហការគ្នាចុះជួយអតីតយុទ្ធជនជាប់ជាប្រចាំ ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)