ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣

AKP ពោធិ៍សាត់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី៩ ឆ្នាំទី១ អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត ផ្តោតសំខាន់ក្នុងការតម្រង់ទិសវិស័យអប់រំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពនានាជុំវិញខេត្តផងដែរ។

ឯកឧត្តម ម៉ក់ រ៉ា បានមានប្រសាសន៍ថា​ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តពោធិ៍ សាត់ មានរបៀបវារ: ចំនួន៧ យកមកពិនិត្យ និងពិភាក្សា រួមមាន ៖ ១. ពិនិត្យកូរ៉ុម។ ២. ប្រសាសន៍បើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត។ ៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៨ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងរ របស់រដ្ឋបាល ខេត្ត។ ៥. ពិនិត្យ និងអនុម័ត សេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល(២០២១-២០២៣)ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ របស់រដ្ឋបាលខេត្តពោធិ៍សាត់។ ៦.ស្ដាប់ របាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត។ ៧. បញ្ហាផ្សេងៗ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ មួយចំនួនទាក់ទិនវិស័យអប់រំ រួមមាន៖  សីលធម៌សង្គម, ចំណេះដឹង, សីលធម៌គ្រូ, សាមគ្គីភាពផ្ទៃក្នុង និងបំពាក់បំប៉នចំណេះដឹង។ ឯកឧត្តមបានជំរុញឱ្យមន្ត្រីអប់រំខេត្តចុះពិនិត្យ និងសិក្សាវាយតម្លៃគ្រប់សាលាទូទាំងខេត្ត ក្នុងគោលបំណងកែលម្អ ទាំងគុណភាព និងបរិមាណ ដើម្បីឈានទៅជាសាលារៀនគំរូទៅថ្ងៃអនាគត។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានត្រូវចលនាប្រជាពលរដ្ឋប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងការស្តារផ្លូវទឹកធម្មជាតិ «បឹង អូរ ប្រឡាយ ស្ទឹង» ដើម្បីយកទឹកមកប្រើប្រាស់ ក្នុងវិស័យកសិកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានោះដែរ ឯកឧត្តមសូមឱ្យមន្ទីររ៉ែ និងថាមពល ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះបញ្ហាធនធានរ៉ែ «ដីក្រហម ដីស ខ្សាច់» ត្រូវរក្សាទុកឱ្យជិតទីប្រជុំជន ងាយស្រួលសម្រាប់អភិវឌ្ឍន៍ក្នុងខេត្ត ស្រុក ក្រុង ចំពោះក្រុមហ៊ុនធំៗ ដែលធ្វើផ្លូវថ្នល់ ត្រូវយកពីឆ្ងាយ។ ឯកឧត្តមក៏បានដាក់ផែនការឱ្យគណៈបញ្ជាការឯកភាពក្រុង ស្រុកនិងអ្នកពាក់ព័ន្ធ ចូលរួមសហការ ជំរុញបងប្អូនអាជីវករ ឱ្យទៅលក់ដូរនៅផ្សារភួពុយ ដែលមានផាសុកភាព ទីធ្លាធំទូលាយ ដោយមិនអនុញ្ញាតឱ្យលក់ដូរគ្មានសណ្តាប់ធ្នាប់ តាមសំយ៉ាបផ្ទះ និងដងផ្លូវសាធារណៈ ដូចកាលពីមុនទៀតឡើយ។

ឯកឧត្តមអភិបាលក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពនានាជុំវិញខេត្ត ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា ត្រូវអនុវត្តន៍តាមទួនាទី និងសម្រេចឱ្យបាននូវជោគជ័យល្អប្រសើរ។ គ្រប់មន្ទីរអង្គភាពជុំវិញខេត្តត្រូវផ្តល់នូវរបាយការណ៍ពីសកម្មភាព លទ្ធផលការងារ ដែលសាមីមន្ទីរអង្គភាពអនុវត្តន៍បានប្រចាំខែនីមួយៗ ឱ្យបានមុនតាមការកំណត់របស់រដ្ឋបាលខេត្ត និងត្រូវមានវត្តមាន នៃការចូលរួមគ្រប់កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ឱ្យខាងតែបាន។

ឯកឧត្តម ក៏បានធ្វើការណែនាំដល់មន្ត្រីអនុវត្តន៍ច្បាប់ ត្រូវត្រួតពិនិត្យជាប់ជាប្រចាំ  និងចូលរួមអនុវត្តន៍នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀន ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន។

ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានសម្ដែងក្ដីសង្ឃឹមថា ក្នុងអាណត្តិទី៣ ក្រុមប្រឹក្សាខេត្តនេះ នឹងរឹតតែបង្កើនកិច្ចគាំទ្រសហការល្អថែមទៀតរវាងក្រុមក្រុមប្រឹក្សាខេត្ត និង  គណៈអភិបាលខេត្ត ក៏ដូចមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត សំដៅធ្វើយ៉ាងណាធ្វើឱ្យខេត្តកាន់តែមានកាអភិវឌ្ឍ រីកចម្រើនបន្ថែមទៀត៕

ដោយ បៃ ស៊ីថុន (ប្រភពៈ រដ្ឋបាលខេត្តពោធិ៍សាត់)