អភិបាលខេត្តសៀមរាប​អះអាងថា ចាប់ពីឆ្នាំ២០២០នេះទៅ សំណង់ណាដែលសាងសង់មុនច្បាប់អនុញ្ញាត និងត្រូវវាយចោលទាំង​អស់ បើទោះបីសំណងនោះសាងសង់បាន៣០ ឬ៥០ភាគរយហើយក្តី

AKP សៀមរាប ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០– ឯកឧត្តម ទៀ សីហា អភិបាល​ខេត្ត​សៀមរាប​ បាន​ថ្លែង​ប្រាប់អ្នក​សារព័ត៌មាន ​ក្រោយ​បិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើទិសដៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប​ កាល​ពី​រសៀលថ្ងៃពុធ ១១កើត​ ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនាឆ្នាំ ២០២០ថា អាជ្ញាធរខេត្តសៀមរាប និងចាប់ផ្តើមរឹតបន្តឹងលើការងារគ្រប់គ្រងសំណងឱ្យបាន​កាន់តែល្អប្រសើរ។

ឯក​ឧត្តមបាន​បញ្ជាក់ថា ចំពោះសំណង់ណាដែលបានដំណើរការសាងសង់នៅក្នុងឆ្នាំ២០១៨-២០១៩​អាជ្ញាធរខេត្ត និងឱ្យមន្រ្តី​ជំនាញចុះពិនិត្យគុណភាព និងបច្ចេកទេស បើសិនជារកឃើញមានលក្ខណៈត្រឹមត្រូវអាជ្ញាធរនឹងចេញលិខិតអនុញ្ញាតឱ្យដំណើការសាងសង់បន្ត។ ប៉ុន្តែចាប់ពីឆ្នាំ២០២០នេះទៅ សំណង់ណាដែលសាងសង់មុនច្បាប់អនុញ្ញាត និងត្រូវវាយចោលទាំង​អស់ បើទោះបីសំណងនោះសាងសង់បាន ៣០ភាគរយ ឬ៥០ភាគរយហើយក្តី។

ឯក​ឧត្តម​ពន្យល់ថា មូលហេតុដែលអាជ្ញាធរធ្វើបែបនេះ គឺដើម្បីពង្រឹងគុណភាព​សំណង់ និងការសាងសង់ឱ្យបានត្រឹមត្រូវ ព្រោះកន្លងមកមានសំណង់ខ្លះធ្វើលើដីចំណីផ្លូវ និងមួយចំនួនទៀតធ្វើមិនត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ បាន​មានប្រសាសន៍ថា ជាការពិតណាស់ការងារគ្រប់គ្រង​សំណង់នេះ គឺពិតជាកត្តាមួយដ៏សំខាន់ និងចាំបាច់បំផុត ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែយកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ។ ព្រោះបើសំណង់ណាមួយសាងសង់លើកដីចំណីផ្លូវ ឬសាងសង់គ្មាន​គុណភាព វានឹងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង ដូចជាករណីបាក់រលំអគារនៅខេត្តព្រះសីហនុ ករណីបាក់រលំសាលាឆាន់នៅខេត្តសៀមរាប និងករណីបាក់អគារនៅខេត្តកែប ជាដើម គឺសុទ្ធតែបាន​ធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តត្រូវពង្រឹងយន្តការផ្តល់លិខិតអនុញ្ញាតសាងសង់ ដែលប្រជាពលរដ្ឋបាន​ស្នើសុំឱ្យបានលឿន ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការរបស់ប្រជាជន៕

ដោយ ឃុត សៅ