សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យបងប្អូនជនរួមជាតិនៅទូទាំងប្រទេស​ធ្វើអនាម័យ​ជាប្រចាំបើទោះបីកម្ពុជាមិនទាន់មានបញ្ហាវីរុសកូវីដ-១៩ ក៏ដោយ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បន្ត​អំពាវនាវឱ្យបងប្អូនជនរួមជាតិនៅទូទាំងប្រទេសធ្វើអនាម័យជាប្រចាំ បើទោះបីកម្ពុជាមិន ទាន់ពុំទាន់កើតមានឡើងនូវបញ្ហានានាដែលទាក់ទងនឹងបញ្ហាវីរុសកូវីដ-១៩ ក៏ដោយ ក៏ប៉ុន្តែ​បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យ​ខ្លាច។ សម្ដេចតេជោបានបញ្ជាក់ថា ជម្រើស នៃការភ័យខ្លាច មិនមែនជាជម្រើសល្អទេ តែ​ជម្រើសក្លាហានក្នុងការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អ បំផុត​ហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ។

ក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី៤១ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀល​ថ្ងៃ​ទី០៤ ខែ មីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់នូវ មតិណែនាំមួយ​ចំនួនដល់​ក្រសួងនិងភាគីពាក់ព័ន្ធថា ក្រសួងសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពង្រឹងការ​អនុវត្តច្បាប់ និងនីតិក្រមសុខាភិបាល តាមយន្តការដែលមានស្រាប់នៅថ្នាក់ជាតិ និងថ្នាក់​ក្រោម​ជាតិ ឬយន្តការថ្មី ដើម្បី ធានាថាសេវាសុខាភិបាលឯកជនបានផ្តល់​សេវាសុខាភិបាល​ត្រឹមត្រូវ ស្របតាមនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារ គុណភាព និង ក្រមសីលធម៌វិជ្ជា​ជីវៈ។ សម្ដេចតេជោបានលើកឡើងថា មន្ត្រី គ្រូពេទ្យ បុគ្គលិកសុខាភិបាលត្រូវបន្តលើកកម្ពស់ ការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវេជ្ជសាស្ត្រថ្មីៗ ក្នុងការធ្វើរោគ វិនិច្ឆ័យ និងការព្យាបាល​ស្របតាមឧបករណ៍ពេទ្យដែលមានបច្ចេកវិទ្យាខ្ពស់ ឱសថជំនាន់ថ្មី និងរបៀបព្យាបាលថ្មីៗ ដែលឤចជួយក្រុមគ្រូពេទ្យឱ្យធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការថែទាំអ្នកជំងឺកាន់តែ មានភាព​សុក្រិត និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលត្រូវបន្តពង្រីក​ការប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ឱ្យបានកាន់តែទូលំទូលាយ ដើម្បីផ្តល់ សេវាសុខភាព​សាធារណៈ ការបណ្តុះបណ្តាល ការគ្រប់គ្រងអង្គភាព ការសិក្សាស្រាវជ្រាវ និងការគ្រប់គ្រង​ទិន្នន័យ និងស្ថិតិសុខាភិបាល។ ត្រូវបន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយ និងចែករំលែកព័ត៌​មាន​ដែលមានសារៈសំខាន់ទាក់ទងនឹងសុខភាពប្រជាជន ព័ត៌មាន ស្តីពីការបង្ការទប់ស្កាត់​ការគ្រប់គ្រងការផ្ទុះរាតត្បាតនៃជំងឺឆ្លង ព្រមទាំង លើកកម្ពស់ការពង្រឹងប្រព័ន្ធអង្កេត តាមដាន និងឆ្លើយតបជំងឺឱ្យបាន ទាន់ពេលវេលា ជាមួយនឹងសីលធវិជ្ជាជីវៈពេទ្យប្រកបដោយ ប្រសិទ្ធ​ភាព​និងតម្លាភាព។ សម្ដេចតេជោបានថ្លែងថា បច្ចុប្បន្ន វិស័យសុខាភិបាលឯកជន​នៅកម្ពុជា​បាន និងកំពុងរីកដុះដាលយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ជាពិសេសការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ។ ទន្ទឹមនឹងកំណើននៃវិស័យសុខាភិបាលឯកជននៅកម្ពុជា វិស័យនេះក៏បាន​នាំ​មកនូវបញ្ហាប្រឈមដល់មុខងារ និយ័តកម្ម និងសមត្ថភាពនិយ័តកម្មរបស់ក្រសួង​សុខាភិ​បាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវទទួលអនុវត្តន៍មុខងារនិយ័តកម្ម ស្របតាមគោល​ការណ៍របស់ក្រសួងសុខាភិបាល។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ក៏បានបន្តលើកទឹកចិត្តដល់​ការកសាងភាពជាដៃគូ រវាងវិស័យសុខាភិបាលសាធារណៈ និងសេវាសុខាភិបាលឯកជន ជាពិសេសការផ្តល់សេវាសុខាភិបាលជូនប្រជាជនបានទាន់ពេលវេលា និងប្រកបដោយ​ប្រសិទ្ធ​ភាព៕

ដោយ ជឹម ណារី