ប្រមុខរាជរដ្ឋាភិបាល ផ្ដល់មតិណែនាំចំនួន៥ចំណុចដល់ក្រសួងសុខាភិបាល ដើម្បីពង្រឹងគុណភាពសេវាសុខភាពសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — ក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី៤១ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់មតិណែនាំ៥ចំណុចដល់ក្រសួងសុខាភិបាល សំដៅឱ្យគុណភាពសេវាសុខភាព​សាធារណៈ ដែលបានពង្រីកការគ្របដណ្តប់ និងកែលម្អកាន់តែល្អប្រសើរស្របតាមតម្រូវការ សេវាសុខភាព កំណើនប្រជាជន ការវិវត្តប្រជាសា្រស្ត ការប្រែប្រួល សណ្ឋានជំងឺ និងជីវភាព​រស់នៅរបស់ប្រជាជន។

សម្ដេចតេជោបានផ្ដល់មតិណែនាំសំខាន់ៗទាំងនោះរួមាន ១. ក្រសួងសុខាភិបាល​ត្រូវ​អនុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ អំពីគោលនយោបាយសុខាភិបាលសំខាន់ៗ ដោយផ្តោតលើ​គ្រប់ទិដ្ឋភាព នៃការពង្រឹងប្រតិបត្តិការប្រព័ន្ធសុខាភិបាល រួមមានការធ្វើវិមជ្ឈការ ប្រព័ន្ធ​សុខាភិបាល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការផ្តល់​សេវា​សុខភាព ការផ្តត់ផ្គង់ឱសថ និងបរិក្ខារសុខាភិបាល ការពង្រឹងគុណភាពសេវា​អភិបាល​កិច្ចគ្លីនិក ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ការផ្តល់ហិរញ្ញប្បទាន សម្រាប់ប្រព័ន្ធ​សុខាភិបាល ការលើកម្ពស់ប្រព័ន្ធគាំពារសុខភាព សង្គមកិច្ច និងភាពជាដៃគូរវាងសុខាភិបាល​សាធារណៈ និងឯកជន។

ទី២. ចំពោះការផ្ទេរមុខងារគ្រប់គ្រងធនធាន និងផ្តល់សេវា សុខាភិ​បាលពីក្រសួងសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីដើមឆ្នាំ២០២០ គឺជាការកែ​ទម្រង់ប្រកបដោយតម្លាភាពក្នុង វិស័យសុខាភិបាលដែលឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និង​គុណ​ភាពសេវាសុខាភិបាល លើកស្ទួយការអភិវឌ្ឍនៅមូលដ្ឋាន បង្កើនគណនេយ្យភាព និង​អភិបាលកិច្ចល្អនៅមូលដ្ឋាន ជាពិសេសធ្វើឱ្យសម្រេចបាននូវការផ្តល់សេវាសុខាភិបាល​ប្រកប​ដោយគុណភាព និងតម្លាភាព ហើយកាន់តែជិតស្និទ្ធនិងកៀកទៅនឹងប្រជាជន។ ទី៣. រដ្ឋ​បាល​រាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីរៀប​ចំ​កែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធស្ថាប័ន តួនាទី និងមុខងារនៃអង្គភាពសុខាភិបាល នៅ​ថ្នាក់​ក្រោមជាតិ។ ទន្ទឹមនេះ ត្រូវរក្សាកិច្ចដំណើរការងារអង្គភាព សុខាភិបាលរាជធានី-ខេត្ត​ដូចធម្មតា ជាពិសេសមិនត្រូវឱ្យមានការរឤក់រអួលដល់ដំណើរការផ្តល់សេវាសុខភាព ដែល​ធ្វើ​ឱ្យប៉ះពាល់ដល់ការប្រើប្រាស់សេវាសុខភាពរបស់ប្រជាជន។ ទី៤. ក្រសួងសុខាភិបាល​ត្រូវ​ពិនិត្យកែសម្រួលនិងកំណត់តួនាទី និងមុខងាររបស់ក្រសួង និងអង្គភាពសុខាភិបាល​ក្រោម​ឱវាទនៅថ្នាក់ជាតិ ដើម្បីអនុវត្តន៍ប្រកបដោយតម្លាភាពនិងមានគណនេយ្យភាព រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ក្នុងចំណុចចុង​ក្រោយ សម្ដេចតេជោក៏បានជំរុញរដ្ឋបាល​រាជធានី-ខេត្តត្រូវខិតខំផ្សព្វផ្សាយ កៀរគរការគាំទ្រ​ថវិកា សម្ភារ និងបច្ចេកទេសពីស្ថាប័ន និង​ភាគីពាក់ព័ន្ធនានា ដោយប្រើប្រាស់ធនធាន ឆន្ទានុសិទ្ធិរបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីផ្តល់​សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេល​វេលា និងមានប្រសិទ្ធភាព៕

ដោយ ជឹម ណារី