រដ្ឋមន្រ្ដីក្រសួងកសិកម្មជំរុញឱ្យផ្នែកគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍​កសិ​កម្ម​ខ្នាត​តូច​នៅតំបន់ទន្លេសាប ខិតខំប្រែក្លាយសហគមន៍គំរូទៅជាភូមិមួយ ផលិតផល​មួយ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តមរ វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុ​ប្រធាន​ក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានជំរុញដល់ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ នាយកគម្រោង និងមន្រ្តីអនុវត្តន៍គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្ម​ខ្នាត​តូច​នៅតំបន់ទន្លេសាប ត្រូវខិតខំការប្រែក្លាយសហគមន៍គំរូឱ្យទៅជា “ភូមិមួយផលិត​ផល​មួយ” ឬសហគមន៍ដែលអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត។ ការលើកឡើងរបស់ ឯកឧត្ដមរដ្ឋមន្រ្ដីនេះក្នុងកិច្ចប្រជុំគណៈកម្មការគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍​កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប(ជំហាន២) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។ នេះបើតាមការផ្សាយរបស់ក្រសួងកសិកម្ម។

ឯកឧត្ដម វេង សាខុន បានបញ្ជាក់ថា ភាគីពាក់ព័ន្ធនឹងគម្រោងនេះ ត្រូវបន្តអភិវឌ្ឍន៍​កសិដ្ឋានគំរូ ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំសហគមន៍កសិកម្ម ពង្រឹង និងពង្រីក​ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមន៍​ដោយ​កាត់បន្ថយការពឹងអាស្រ័យទៅលើផល និងអនុផលព្រៃឈើ ដោយងាកមកធ្វើពិពិធកម្ម​កសិកម្ម​ប្រកបដោយភាតរបរិស្ថាន ព្រមទាំងខិតខំការប្រែក្លាយសហគមន៍គំរូឱ្យទៅជា “ភូមិ​មួយ ផលិតផលមួយ” ឬសហគមន៍ដែលអាចទាក់ទាញភ្ញៀវទេសចរជាដើម។ ទន្ទឹមនេះ គួរ​កំណត់តំបន់ដាំដុះ នៅក្នុងខេត្តគោលដៅ និងតំបន់ផ្សេងៗទៀត ដោយត្រូវចងក្រងទិន្នន័យ​តាមភូមិសាស្ត្រនីមួយៗ ដើម្បីជាធាតុចូលសម្រាប់រៀបចំជាផែនទីបង្ហាញផ្លូវអំពីដាំដុះដំណាំ​កសិកម្ម។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្រៅពីនេះ ត្រូវគិតគូអំពីការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ​ដែលគាំទ្រដល់ផលិតកម្មកសិកម្ម ជាអាទិ៍ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រ មានប្រភពទឹក សក្តានុពលស្រោចស្រពស្រូវ និងដំណាំ បង្ហូរទឹកចូលស្រែដោយស្វ័យប្រវត្តិ រោងសម្ងួត និងឃ្លាំងស្តុកស្រូវ និងគមនាគមន៍ដឹកជញ្ជូន រួមទាំងការធ្វើកសិកម្មចម្រុះ ដោយបញ្ចូលការ​ជីកស្រះចិញ្ចឹមត្រី។ ជាមួយគ្នានេះ បង្កើនគុណភាពកសិផល ស្របតាមគោលការណ៍នៃការ​អនុវត្ត​កសិកម្មល្អកម្ពុជា (Cam GAP) បញ្ជាក់គុណភាពឱ្យបានត្រឹមត្រូវ។ ត្រូវពង្រឹងកិច្ចសហ​ប្រតិ​បត្តិ​ការជាមួយគ្រប់តួអង្គពាក់ព័ន្ធស្របតាមអភិក្រម“រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និង​សហ​គមន៍” ជាពិសេសពិនិត្យលទ្ធភាពរកទីតាំងលក់ផលិតផលសរីរាង្គ ផលិតផល GAP ដែល​មានស្តង់ដារ និងអនាម័យខ្ពស់។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានណែនាំដល់ម្ចាស់ជំនួយ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ នាយកគម្រោង និងមន្រ្តីអនុវត្តន៍គម្រោង ត្រូវបង្កើនការយកចិត្តទុកដាក់ គិតគូរឱ្យបានល្អិតល្អន់ និងមានទស្សនវិស័យច្បាស់លាស់ វែងឆ្ងាយទាក់ទងទៅ​នឹងការប្រើ​ប្រាស់ថវិកា កម្មវត្ថុ ឬគោលបំណងរបស់គម្រោង សកម្មភាពអនុវត្តន៍គម្រោង និងលទ្ធផល​រំពឹងទុក ដោយត្រូវតោងភ្ជាប់ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចដែលពិភពលោក ក៏ដូចជាប្រទេស​យើងកំពុងជួបប្រទះ និងជាពិសេសត្រូវគិតដល់អ្នកទទួលផលចុងក្រោយ ធ្វើយ៉ាងណាក្រោយ​ពេល​គម្រោងចប់ សកម្មភាពរបស់គម្រោងនៅមាននិរន្តរភាព។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការដឹកនាំគម្រោង និងអង្គភាព សម្របសម្រួលគម្រោងដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម និងជនបទ ធ្វើយ៉ាងណាលើក កម្ពស់ពិពិធកម្មខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងការ ប្រកួតប្រជែង ឆ្លើយតបតាមតម្រូវការទីផ្សារ ដើម្បីរួមគ្នាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យកសិកម្មឱ្យមានការរីកចម្រើន។

សូមបញ្ជាក់ថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់​ទន្លេសាប(ជំហាន២) ប្រើប្រាស់ថវិកាសរុប ៦៦លាន​ដុល្លារ ក្នុងនោះ ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ចំនួន៥០លានដុល្លារ IFAD ចំនួន១០ លានដុល្លារ និងរាជរដ្ឋាភិបាលកម្ពុជាចំនួន​៦លានដុល្លារ។ គម្រោងមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៣ ក្នុងខេត្តគោល​ដៅចំនួន០៧ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង ដែលមានក្រុង-ស្រុក ៣៨ និងឃុំសរុបចំនួន២៧០៕

ដោយ ឡុង ស៊ីវ៉ាន់