រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កោតសរសើរចំពោះម្ចាស់ចម្ការ​ម្រេចកំពត ដែលបានបង្កើតរោង​ចក្រ​កែ​ច្នៃម្រេច ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក

AKP កំពត ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ — រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​របស់​ម្ចាស់ចម្ការម្រេចកំពត ដែលបានបង្កើតរោងចក្រកែច្នៃម្រេចដ៏ធំមួយនេះ ដោយប្រើប្រាស់​វត្ថុធាតុដើមក្នុងស្រុក ដើម្បីធ្វើការកែច្នៃសម្រាប់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។ នេះបើ​យោងតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងដំណើរចុះទស្សនកិច្ច ពិនិត្យខ្សែច្រវាក់ផលិតកម្មម្រេច នៅចម្ការម្រេចកំពតរបស់​ក្រុមហ៊ុន ឡា ផ្លង់តាស្យុង (La Plantation) ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជ​កម្មបានមានប្រសាសន៍ថា ការបង្កើតរោងចក្រកែច្នៃម្រេចនៅក្នុងខេត្ដកំពតនេះ គឺបានបង្កើត​ការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មក​ទស្សនា​ចំនួន ៥ម៉ឺន ទៅ៦ម៉ឺននាក់ ក្នុងមួយឆ្នាំៗ។ ទន្ទឹមនេះ ក្រុមហ៊ុន ឡា ផ្លង់តាស្យុង ក៏បាន​ជួយទិញម្រេចរបស់ប្រជាកសិករចំនួន ២១គ្រួសារ ដែលជាសមាជិកសមាគមម្រេចចំនួន ១,៤៦៧ គីឡូក្រាម នៅក្នុងឆ្នាំ២០១៩ សម្រាប់ធ្វើការនាំចេញទៅបណ្តាប្រទេសចំនួន ៣៧​ប្រទេស នៅសហគមន៍អឺរ៉ុប។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់កសិករ ផលិតករ សហគមន៍ សមាគម និងក្រុម​ហ៊ុន ផលិតម្រេចកំពត ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តន៍តាមសៀវភៅបន្ទុក​ម្រេច​កំពត ដូចជា ការផលិតមានអនាម័យខ្ពស់ វេចខ្ចប់ រក្សាទុក និងមិនប្រើប្រាស់សារធាតុ​គីមី ហាមឃាត់ ជាដើម ដើម្បីឱ្យម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពត កាន់តែមានភាព​ល្បី​ល្បាញ លើទី​ផ្សារ​​ក្នុងស្រុក និងក្រៅប្រទេស។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើសុំឱ្យក្រុមហ៊ុន ឡា ផ្លង់តាស្យុង បន្តជួយទិញម្រេចពីប្រជា​កសិករឱ្យ​បានកាន់តែច្រើនថែមទៀត និងផ្សព្វផ្សាយពីគុណភាពម្រេចកំពតដល់អ្នកប្រើប្រាស់ និងពាណិជ្ជករបរទេស ឱ្យបន្តគាំទ្រម្រេចកំពត ជាពិសេសជួយពង្រីកទីផ្សារម៉ាកសម្គាល់​ភូមិ​សាស្ត្រទំនិញម្រេចកំពតនៅបណ្តាប្រទេសសហគមន៍អឺរ៉ុប។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៩ ផ្ទៃដីដាំម្រេចកំពត មានចំនួន ៩,៤៥ ហិកតា ទទួលផលបាន១៧,៣៩២តោន ហើយនៅឆ្នាំ២០១៩ ផ្ទៃដីដាំម្រេចកំពត កើនដល់ ២៩០,៩ ហិកតា ទទួលផលបាន ១២៦,៦៦០តោន៕

ដោយ ឡុង ស៊ីវ៉ាន់