ខេត្តក្រចេះ ប្រារព្ធខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០

AKP ក្រចេះ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — ថ្នាក់ដឹកនាំខេត្តក្រចេះ បានប្រារព្ធខួបលើកទី១០៩ ទិវានារីអន្តរជាតិ៨ ខែមីនា ក្រោម ប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” កាលពីព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។    

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ស្រី្តជាមន្ត្រីរាជការ និងនិងវិស័យឯកជនជាច្រើនផងដែរ។

តាមការបញ្ជាក់នៅក្នុងព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ  វររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលអានដោយលោកស្រី ខាំ សុភាព អភិបាលរងខេត្ត និងជាប្រធានគណៈ កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបានបញ្ជាក់ពីសេចក្តីក្លាហាន និងការខិតខំតស៊ូរបស់បុព្វបុរសជាស្ត្រី ទូទាំងសកលលោក ដើម្បីសិទ្ធិ សេរីភាព និងតួនាទី ស្មើគ្នា រវាងបុរសនិងស្ត្រីនៅក្នុងសង្គម។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានអំពាវ នាវដល់ថ្នាក់ ដឹកនាំជាស្រ្តីទាំងអស់ ត្រូវតែបន្តពង្រឹងសមត្ថភាព នៃការដឹកនាំ គ្រប់គ្រងធ្វើយ៉ាងណាឱ្យស្រ្តី ក្លាយជាអ្នកដឹកនាំដ៏វៃឆ្លាត ពោរពេញ ដោយសមត្ថភាព និងត្រូវចូលរួមធ្វើការទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើស្រ្តី ព្រមទាំងដោះ ស្រាយជម្លោះនានាដោយសន្តិវិធី។

ក្នុងឱកាសនៃការប្រារព្ធមិទ្ទីងរម្លឹកខួបអនុស្សាវរីយ៍លើកទី១០៩ ទិវានារីអន្តរជាតិ៨ មីនានោះដែរ ឯកឧត្តម និងលោកជំទាវជាថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចែកអំណោយ អនុស្សាវរីយ៍ជូនដល់បងប្អូនជានារីប្រមាណជា២០០នាក់ ដែលបានចូលរួម ក្នុងម្នាក់ៗទទួលបានសារុង១ផងដែរ៕

ដោយ  ជួន សុជាតិ