រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ អះអាងថា ក្នុងរយៈពេល៣ឆ្នាំ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ប្រមាណ៨,០០០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន​អះអាង​ថា រយៈពេល៣ឆ្នាំកន្លងមកនេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន និងឃាត់ខ្លួនមនុស្ស​ប្រមាណ​៨,០០០នាក់ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ថ្លែងក្នុងពិធីប្រកាសចូលកាន់ដំណែងអភិបាលខេត្តកណ្តាលថ្មី នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការចាប់ផ្ដើមយុទ្ធនាការបង្ក្រាប​គ្រឿងញៀនក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ចាប់ពីឆ្នាំ២០១៧ដល់២០១៩ បានជាង ១,៤០០​គីឡូក្រាម។ សម្ដេចក្រឡហោមគូសបញ្ជាក់ទៀតថា “រឿងញៀនចាប់ពីយើងបើកយុទ្ធនាការ​ចាប់តាំងពីឆ្នាំ២០១៧ ឆ្នាំ២០ ១៨ និងឆ្នាំ២០១៩ ដែលមានរយៈពេល ៣ឆ្នាំហើយ។​ ក្នុងឆ្នាំ​នេះ​ចូលឆ្នាំទី៤ យើងរឹបអូសបាន១,៤០០គីឡូក្រាម មានន័យថា ជិត១តោនកន្លះ បើបូករហូតដល់​ឥឡូវនេះ ១តោនកន្លះ”។ សម្ដេចក្រឡាហោមបានលើកឡើងថា គ្រឿងញៀន១តោនកន្លះនេះ គឺមិនមែនប្រើស្រុកយើងទាំងអស់ទេ គឺប្រើមួយផ្នែកណា ហើយមួយផ្នែកទៀត យកចេញទៅ​ប្រទេសផ្សេង ប្រទេសជិតខាងយើង។ សម្ដេចក្រឡាហោមបានបន្ដថា បើសិនមិនបើកយុទ្ធ​នាការ​បង្ក្រាបគ្រឿងញៀនទេ តើមានអ្នកញៀនថ្នាំមានប៉ុន្មាននាក់ នៅកម្ពុជា ហើយសង្គម​កម្ពុជា អាចនឹងមានបញ្ហាធ្ងន់ធ្ងរ ដូច្នេះការបង្ក្រាបគ្រឿងញៀននេះទាន់ពេលវេលា ដោយមាន​ការ​គាំទ្រពីរាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងទៀតថា នៅប៉ុន្មានថ្ងៃខាងមុខទៀត ក្រសួង មហាផ្ទៃ នឹងធ្វើការបូកសរុបលទ្ធផល នៃការបង្ក្រាបគ្រឿងញៀន ព្រមទាំងផ្ដល់រង្វាន់លើក​ទឹកចិត្តដល់សមត្ថកិច្ចដែលចុះបង្រ្កាបគ្រឿងញៀន នាពេលកន្លងមក។ សម្ដេចក្រឡាហោម បានបន្ដទៀតថា សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់ថវិកា ដើម្បីលើកទឹកចិត្តដល់អ្នកបង្ក្រាប​គ្រឿងញៀន។ ជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏បានអះអាងថា នឹងធានាចាត់ចែងថវិកា ទាំងនេះឱ្យបានត្រឹមត្រូវ ហើយបុគ្គលដែលទទួលបានថវិកាលើកទឹកចិត្ត គឺបើកតាមធានាគារ ដើម្បីឱ្យមានតម្លាភាព មិនមែនបើកតាមអង្គភាពឡើយ។

សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើឱ្យមន្ដ្រីរាជការទាំងអស់ ត្រូវធ្វើខ្លួនជាមន្ដ្រី​ដែល​មានឧត្តមគតិ ហើយមិនត្រូវធ្វើខ្លួនជាមន្ដ្រីឱកាសនិយម មិនបម្រើផលប្រយោជនផ្ទាល់ខ្លួន ត្រូវបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ សម្ដេចក្រឡាហោមថ្លែងថា “មន្ដ្រីរបស់យើង មន្ដ្រី​ថ្នាក់ណាក៏ដោយ ខ្ញុំសូមស្នើថា ត្រូវរៀបចំខ្លួនរបៀបម៉េចដើម្បីក្លាយជាមន្ដ្រីដែល​មាន​ឧត្តម​គតិ ឱ្យទៅជាមន្ដ្រីឧត្តមគតិ ឧត្តមគតិម៉េច។ ឧត្តមគតិជាតិ ប្រជាពលរដ្ឋធំណាស់​ ហើយ​មិនត្រូវរៀបចំទុកដាក់ខ្លួនយើង ទៅជាមន្ដ្រីឱកាសនិយមទេ”។

សម្ដេចក្រឡាហោមបានណែនាំដល់មន្ដ្រីទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើការងារ ដើម្បី ឱ្យ​ពលរដ្ឋមានការទុកចិត្ត ហើយមន្ដ្រីរាជការ ត្រូវធ្វើយ៉ាងណាធ្វើឱ្យ ភូមិ-ឃុំ មានសុវត្ថិភាព ត្រូវប្រកាន់ភ្ជាប់ថា “ភូមិ-ឃុំ-ស្រុក-ខេត្ត ជារបស់យើងផ្ទាល់ខ្លួន” ជាពិសេសធ្វើឱ្យ ភូមិ-ឃុំ មាន​ការអភិវឌ្ឍគ្រប់ទីកន្លែង ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល៕

ដោយ ប៊ុនរិទ្ធ