ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា យុវជនដើម្បីវប្បធម៌ជាតិ ត្រូវចេះថ្លឹងរវាងទង្វើផ្ទាល់ខ្លួន និងផលជះឥទ្ធិពលនៃទង្វើចំពោះសិល្បៈ វប្បធម៌ជាតិ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០​ — ក្នុងខណៈពេលដែល រាជរដ្ឋាភិបាលបានប្រារព្ធអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា កាលពីថ្ងៃ ទី០៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាន​លើកឡើងថា យុវជនដើម្បីវប្បធម៌ជាតិទាល់តែយុវជនចេះថ្លឹងថ្លែងរវាងទង្វើផ្ទាល់ខ្លួន និង​ផលជះឥទ្ធិពលនៃទង្វើនោះចំពោះសិល្បៈវប្បធម៌ជាតិខ្លួន។

នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី០៣​ ខែមីនា ឆ្នាំ២០២០​ ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា យុវជនដើម្បីវប្បធម៌ជាតិ គឺមានន័យ​ជាក់​លាក់មួយ ដែលជាការចេះថ្លឹងថ្លែងរវាងទង្វើផ្ទាល់ខ្លួន  និងផលជះឥទ្ធិពលនៃទង្វើនោះ  ចំពោះសិល្ប​:វប្បធម៌​ជាតិរបស់ខ្លួន។ ឯកឧត្ដមបានបន្ដថា រាជរដ្ឋាភិបាលតែងបានគាំទ្រ និង​បានផ្តល់​ឤទិភាពខ្ពស់ចំពោះវិស័យវប្បធម៌ ដោយចាត់ទុកថាវប្បធម៌ គឺជាព្រលឹងជាតិ និងជា អត្តសញ្ញាណជាតិ។ ឯកឧត្ដមបានបន្ដទៀតថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីអប​អរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ឆ្នាំ២០២០ ដោយថ្លែងថា រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់ខ្ពស់ចំពោះការរក្សាតម្លៃនៃវប្បធម៌ ដោយបានដាក់ចេញនៅចំណាត់ការ​ជា​បន្ត​បន្ទាប់ មិនអនុញ្ញាតឱ្យរាល់សកម្មភាពទាំង ឡាយណាដែលនាំឱ្យវប្បធម៌ជាតិអាប់ឱន អាចប្រព្រឹត្តទៅបានក្នុងសង្គមឡើយ។

ឯកឧត្ដមបានបន្ថែមថា ចំណាត់ការដែលបានដាក់ចេញនេះ គឺជាការដាស់តឿន ចំពោះ អ្នកទាំងឡាយណា  ដែលកំពុងលង់ក្នុងទង្វើមិនសមរម្យរបស់ខ្លួន ដើម្បីតែប្រយោជន៍ខ្លួនឱ្យ​មានការ ភ្ញាក់រឭកថាសកម្មភាពរបស់ពួកគេបានប្រាសចាកសីលធម៌នៃ ការរស់នៅក្នុង​សង្គម​ខ្មែរ ហើយអាចឈានទៅដល់ការនាំឱ្យបាត់អត្តសញ្ញាណជាតិរបស់ខ្លួនផងដែរ។ ឯកឧត្ដម​បាន​បញ្ជាក់បន្ថែមថា “ក្នុងនាមជាប្រជាជាតិខ្មែរ យើងអាចចូលរួមអភិរក្សវប្បធម៌ ក្នុងទម្រង់​ផ្សេងៗគ្នា តាមលទ្ធភាពដែលយើងមាន។ យើងទាំងអស់គ្នា ជាអ្នកបន្តវេនក្នុងការថែរក្សា និង​លើកតម្កើងវប្បធម៌របស់យើងដូចនេះសូមយុវជនទាំងអស់ឈ្វេងយល់ឱ្យ ច្បាស់នូវអ្វីដែល​ជា​ទង្វើ​របស់ខ្លួន ហើយអ្វីដែលជាវប្បធម៌បរទេស ដើម្បីចៀសវាងការភ្លេច ឬបាត់បង់អ្វីដែលជា​មរតកខ្លួនឯង។”

ឯកឧត្ដមបានណែនាំដល់យុវជន ត្រូវចេះថ្លឹងថ្លែង ពិចារណាចំពោះសកម្មភាព ឬកាយ​វិការរបស់ខ្លួនជាលក្ខណៈបុគ្គល គឺជាការចូលរួមចំណែកក្នុងរក្សាតម្លៃនៃវប្បធម៌ ព្រោះ​ភាពអន់ថយនៃសីលធម៌ និងគុណធម៌សង្គមដែលស្តែងចេញពីទង្វើបុគ្គល  នឹងប៉ះពាល់និរន្ត​ភាពនៃ​វប្បធម៌៕

ដោយ ប៊ុនរិទ្ធ