សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង ខេត្តកណ្តាល

AKP កណ្ដាល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញ ជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីប្រតិភូរាជរដ្ឋាភិ បាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និង មន្ទីរ អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបផងដែរ។

ក្នុងពិធីនោះ សម្ដេចក្រឡាហោម បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំមាន សុវត្ថិភាព” ឱ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទ ល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន។

សម្ដេចក្រឡាហោម បានស្នើដល់ អាជ្ញាធរខេត្ត ត្រូវលើកកម្ពស់ការផ្តល់សេវា សាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែ មានការកើនឡើងក្នុងពេល ដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសការផ្តល់ សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសសំណើ សំណូមពរ និង បញ្ហាប្រឈម ដែលបាន លើកឡើងក្នុងវេទិកាសាធារណៈនានា។

សូមបញ្ជាក់ថា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាល ជំនួសឯកឧត្តម ម៉ៅ ភិរុណ ត្រូវចូលនិវត្តន៍ និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្លាស់ប្តូរមកជាអភិបាលរង ខេត្តកណ្តាលវិញ ជំនួសកន្លែងឯកឧត្តម គង់ សោភ័ណ្ឌ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)