សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា គ្រប់ស្ថាប័នទាំងអស់ ត្រូវកាត់បន្ថយការចំណាយរហូត​ដល់​៥០​​ភាគរយ លើកលែងតែក្រសួងចំនួនបីប៉ុណ្ណោះ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ប្រកាសថា គ្រប់ស្ថាប័នទាំងអស់ ត្រូវកាត់បន្ថយការចំណាយរហូតដល់៥០ភាគរយនៃ​ការ​ចំណាយរបស់ខ្លួន ប៉ុន្ដែលើកលែងតែក្រសួងចំនួនបីប៉ុណ្ណោះដែលត្រូវកាត់បន្ថយត្រឹមតែ២៥​ភាគរយ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ​ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសុខា​ភ្នំពេញ នារសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រសួងចំនួនបីនោះរួមមាន ក្រសួងការបរទេស និងសហប្រតិបត្តិ​ការអន្ដរជាតិ ក្រសួងពាណិជ្ជកម្ម និងទីស្ដីការគណៈរដ្ឋមន្រ្ដី ដែលត្រូវកាត់បន្ថយចំណាយ​រហូតដល់២៥ភាគរយ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា “នេះជម្រាបឱ្យបានជ្រាប ដើម្បី​ឱ្យឯកឧត្ដម លោកជំទាវ លោក លោកស្រីបានជ្រាបថា សុំកុំបង្កើនការចំណាយអ្វីទាំងអស់ មិនត្រឹមតែមិនឱ្យការចំណាយទេ កាត់បន្ថយការចំណាយតែម្ដង”។ សម្ដេចតេជោបានលើក​ឡើងថា មានតែចំណាយទៅលើបៀវត្សរ៍មន្រ្ដីរាជការ​តែប៉ុណ្ណោះដែលមិនមានការកាត់​បន្ថយ​នោះទេ ទាក់ទងនឹងការចំណាយចរន្ដ ដែលក្នុង១ខែៗយើង ត្រូវចាយថវិកាអស់ជាង​៤០០​លានដុល្លារ ដែលបញ្ហានេះ មិនអាចប៉ះពាល់បានទេ។ ​សម្ដេចតេជោក៏បានលើកជា​ឧទាហរណ៍​ថា ការចំណាយមួយចំនួនដែលសម្ដេចបានលើកឡើងនៅក្នុងផែនការ សម្រាប់​សង្គ្រោះសេដ្ឋកិច្ច ដូចជាការចេញដំណើរទៅក្រៅប្រទេស បើមិនចាំបាច់ទេកុំទៅ ហើយបើត្រូវ​ទៅចំនួន៥នាក់ ឱ្យទៅតែ២នាក់គ្រប់គ្រាន់បានហើយ ដើម្បីសន្សំសំចៃការចំណាយ។ សម្ដេច​តេជោបានបន្ថែមថា “អីច្ចឹង សុំចាប់ពីពេលនេះតទៅ បើសិនជាចាំបាច់ណាស់ ខ្លួនចង់​ទៅ៥​នាក់ ត្រូវឱ្យទៅតែ២នាក់ ដើម្បីកាត់បន្ថយការចំណាយ។ ជាមួយនឹងពេលខ្លះ ផ្ដល់ការងារ​ឱ្យអគ្គរាជទូតនៅក្រៅប្រទេស ចូលរួមប្រជុំជំនួសខ្លួនទៅ ប្រសិនបើការប្រជុំ​នោះគ្រាន់តែជា​ការប្រជុំដែលមិនមានការអន្ដរាគមន៍របស់យើង”៕

ដោយ អ៊ុន រិទ្ធី