សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងពេលនេះ ការងារអាទិភាពខ្ពស់បំផុតរបស់កម្ពុជាគឺការប្រយុទ្ធ​ប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបាន អះអាងថា ការងារអាទិភាពខ្ពស់បំផុតរបស់កម្ពុជាដែលត្រូវធ្វើនាពេលបច្ចុប្បន្ននេះ​គឺការ​ប្រយុទ្ធ​​ប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ​ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសុខា​ភ្នំពេញ នារសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចការរបស់កម្ពុជានាពេលកន្លងទៅ ចាប់ពីពេលផ្ដើមផ្ទុះជំងឺកូរ៉ូណា ឬកូវីដ -១៩នេះ ដែលរហូតដល់ពេលនេះ និងរហូតដល់បញ្ចប់នៃជំងឺកូវីដ-១៩គឺការប្រយុទ្ធ​ប្រឆាំង​ការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្ដេចតេជោបានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩នេះ ដោយសារតែយើង​បានធ្វើការបែងចែកមុខងារវិស័យសុខាភិបាលទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ ហើយបើទោះបីជាត្រូវកាត់កងពីវិស័យដទៃ ហើយមកប៉ះប៉ូវដល់ការចំណាយ​លើវិស័យសុខាភិបាលយើងក៏ត្រូវតែធ្វើចៀសមិនបានទេ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានប្រកាសផងដែរថា ចំពោះគម្រោងវិនិ​យោគផ្ទាល់របស់យើងមិនទាន់បានបើកការដ្ឋាន ត្រូវផ្អាកការបើកការដ្ឋានសិន​ លើកលែង​តែការដ្ឋានដែលផ្ដល់ហិរញ្ញប្បទានដោយបរទេស និងមានថវិកាបដិភាគរបស់កម្ពុជា។ ប៉ុន្ដែ​កម្មវិធីមួយចំនួនដែលមិនទាន់បើកការដ្ឋាន ត្រូវផ្អាកសិន រង់ចាំរហូតដល់ឆ្នាំក្រោយ​ ក៏មិនទាន់​យឺតពេលដែរ ដើម្បីធ្វើយ៉ាងណាឱ្យកូវីដ-១៩នេះ មានភាពស្ងប់ស្ងាត់សិន។

សម្ដេតេជោបានបញ្ជាក់បន្ថែមថា “ខ្ញុំសូមបញ្ជាក់ពីបញ្ហានេះ ដើម្បីឱ្យយើងទាំង​អស់គ្នា​ស្រុះ​ចិត្ដស្រុះកាយជាមួយគ្នា កុំឱ្យអ្នកខ្លះញែកថវិកាត្រូវចំណាយអានេះក៏វាចាំបាច់ ឡានក៏​វាចាំបាច់ អាត្រាក់ទ័រក៏វាចាំបាច់ ក្នុងពេលដែលថ្នាំពេទ្យសោះដែលវាចាំបាច់”៕ដោយ អ៊ុន រិទ្ធី