ឯកឧត្តម ​ ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២០ នៅខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងប្រាប់កងទ័ពឱ្យយកចិត្តទុកដាក់ និង ត្រៀមកម្លាំង មធ្យោបាយ សម្ភារ ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ។

ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ថ្លែងបែបនេះ នៅទីបញ្ជាការ កងពលធំ អន្តរាគមន៍ លេខ៣ ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយ ផែនការ សកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២០ កាលពីថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហា។

ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត​ ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយ តម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន របស់កងពលធំអន្តរាគមន៍លេខ៣ និងបណ្តាស្ថាប័ន-កងឯកភាពចំណុះនៅក្នុងការ បំពេញភារកិច្ចបម្រើជាតិមាតុភូមិ, ការពារបូរណទឹកដី និងចូលរួមនៅក្នុងការ ថែរក្សា សុខសន្តិភាព។ ទាំងអស់នេះផ្តើមឡើងពីការតាំងចិត្ត, ការប្តេជ្ញាចិត្តរួបរួមសាមគ្គីគ្នា និងស្មារតីស្នេហាជាតិរបស់យោធិនម្នាក់ៗ និងសូមគាំទ្រ និងជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ឱ្យបានសកម្មខ្លាំងក្លាថែមទៀតសម្រាប់ឆ្នាំ២០២០ និងឆ្នាំខាងមុខ ហើយត្រូវធ្វើការ ដកពិសោធន៍, ពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារដែលសម្រេច បានមុនៗ ដើម្បីធានាបាននូវនិរន្តរភាពនៃប្រសិទ្ធភាពការងារ, ប្រព័ន្ធការងារឹងមាំ និងការកសាងពង្រឹង អង្គភាព រឹងមាំលើគ្រប់វិស័យ។

ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ កងពលធំអន្តរាគមន៍លេខ៣ និងបណ្តាស្ថាប័ន-កងឯកភាពចំណុះ សូមរក្សាភាពស្មោះត្រង់ ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃ កងយោធពល ខេមរភូមិន្ទ ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ។ ត្រូវបន្តយក ចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ក្នុងការលើកស្ទួយជីវភាពរស់នៅ និងសុខុមាលភាព របស់កងទ័ព និងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយ គ្រោះមហន្តរាយ ដែលបង្កឡើងដោយកត្តាមនុស្ស ឬធម្មជាតិ នៅក្នុងភូមិសាស្ត្រទទួល ខុសត្រូវឱ្យបានរហ័សបំផុតទាន់ពេលវេលា៕

ដោយ ទិត ស្រ៊