ពិធីប្រកាសផ្ទេរនិងចូលកាន់តំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — នៅព្រឹកថ្ងៃពុធ១១​កើ​ត ខែផ​ល្គុ​ន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសា​​លា​ខេ​ត្ត​កំ​ពង់ចាមមានរៀបចំពិធីប្រកាសផ្ទេរនិង​ចូលកាន់តំណែងព្រះរាជអាជ្ញ​ នៃអយ្យការអម​សាលា​ដំ​​បូង​​ខេត្តកំពង់ចាមក្រោ​មអធិបតីភាព ឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋ​លេខាធិការក្រ​សួងយុតិ្ត​ធម៌ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ឯកឧត្តម អ៊ុំសារិទ្ធ សមាជិកក្រុមប្រឹក្សានៃអង្គចៅក្រមនិងឯកឧត្តម ប្លង់ ឆ្លាម សមាជិកក្រុមប្រឹក្សានៃអង្គចៅក្រមដោយមានការចូលរួមអស់លោកជាប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងប្រដាប់អាវុធទាំង៣របស់ខេត្តនិងអស់លោកជាអភិបាល អភិបាលរងក្រុង ស្រុក ទាំង១០របស់ខេត្ត។

យោងតាមព្រះរាជក្រឹត្យលេខនស/រកត/០២២០/២១១ត្រូវបានតែងតាំងឯកឧត្តម ហួត វុទ្ធី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមទៅជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៏ត្បូងឃ្មុំហើយត្រាស់បង្គាប់ផ្ទេរនិងតែងតាំងលោក ច្រឹង  ខ្មៅ  ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងស្ទឹងត្រែងមកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមតាមព្រះរាជក្រឹត្យលេខនស/រកត/០២២០/២១២។

ថ្លែងក្នុងពិធីនោះ  ឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុតិ្តធម៌តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អង្គ វង្សវឌ្ឍនារដ្ឋមន្ត្រីក្រសួងយុតិ្តធម៌បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវិស័យតុលាការខេត្តកំពង់ចាម ពិសេសផ្នែកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមដែលបានខិតខំធ្វើការប្រកបដោយវិជ្ជាជីវៈក្នុងការផ្តល់យុតិ្តធម៌ជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តម ព្រហ្ម សិទ្ធត្រា បានបញ្ជាក់ថាៈក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកយកចិត្តទុកខិតខំក្នុងការផ្តល់សេវាសាធារណៈលើវិស័យយុតិ្តធម៌ជូនប្រជាពលរដ្ឋ ដោយបង្កើតក្រុមមេធារីការពារក្តីជូនប្រជាពលរដ្ឋដោយមិនយកកម្រៃសេវានិងបង្កើតសាលាឧទ្ធរណ៍តំបន់ឲ្យនៅកៀកជិតប្រជាពលរដ្ឋ។ឯកឧត្តមក៏បានផ្តាំផ្ញើដល់ព្រះរាជអាជ្ញាទាំងអស់ខិតខំបំពេញការងារតាមតួនាទីនិងភារកិច្ចផ្តល់សេវាកម្មយុតិ្តធម៌ជូនប្រជាពលរដ្ឋដោយអនុវត្តន៍តាមច្បាប់ជាធរមាន៕

ដោយលោក ឆាយ ម៉ុត