ទន្លេមេគង្គ ជាជម្រកត្រីតូចធំចំនួន ១០០០ ប្រភេទរស់នៅ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — មន្ត្រីរបស់អង្គការ Wonders of the Mekong បានឱ្យដឹងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះថា ទន្លេមេគង្គ គឺជាទន្លេមួយដែលហូរឆ្លងកាត់ប្រាំមួយប្រទេសនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ហើយជាជម្រករបស់ត្រីយក្សច្រើនប្រភេទដែលរស់នៅច្រើនជាងទន្លេនានា នៅក្នុងពិភពលោក។

នៅទន្លេមេគង្គ អ្នកនឹងអាចឃើញមានត្រីធំៗ ដូចជា ត្រីគល់រាំង ដែលជា ប្រភេទត្រីមានស្រកាធំជាងគេលើពិភពលោក ត្រីបបែលយក្ស ជាសត្វដ៏អាថ៌កំបាំង ដែលទើបតែត្រូវបានពិពណ៌នាដោយវិទ្យាសាស្ត្រ រួមជាមួយនឹងកំណត់ត្រារបស់ពិភពលោក នាពេលបច្ចុប្បន្ន គឺប្រភេទត្រីទឹកសាបទំហំដ៏មហិមាដែលរស់នៅតែក្នុងតំបន់ទឹកសាប ត្រីរាជ មានទម្ងន់រហូតដល់ ២៩៣គីឡូក្រាម។ ទន្លេមេគង្គបង្ហាញសម្រស់ និង ជីវិត ប្រៀបបានទៅនឹង «មាតាគង្គា» ។

ទន្លេមេគង្គ មានត្រីចំនួន ១ ០០០ ប្រភេទត្រូវបានគេរកឃើញនៅទូទាំងអាងទន្លេមេគង្គ ហើយក៏នៅមានត្រីជាច្រើនប្រភេទទៀត មិនទាន់ត្រូវបានរុករកនៅឡើយ។ វាប្រហែលជាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលប្រព័ន្ធទន្លេមេគង្គ ជាជម្រកនៃជល ផលទឹកសាបដ៏ធំជាងគេនៅលើពិភពលោក និង គាំទ្រដល់ការចិញ្ចឹមជីវិតរបស់ប្រជាជនជាង ៦០លាននាក់ ដែលរស់នៅក្នុងតំបន់។ ជីវិត និង វប្បធម៌ ក្នុងទន្លេមេគង្គ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងវដ្តធម្មជាតិរបស់ទន្លេ៕

ដោយ ណយ នឿន (ប្រភព៖ Wonders of the Mekong)