ប្រមុខសន្តិសុខជាតិកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — ក្រសួងមហាផ្ទៃកម្ពុជា បានឱយដឹងនៅថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជាទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ។

បើតាមក្រសួងមហាផ្ទៃបានឱ្យដឹងថា ដំណើរទស្សនកិច្ចការងាររបស់ប្រមុខសន្តិសុខជាតិកម្ពុជានេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ឯកឧត្តម ឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង ។

ក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសឡាវ សម្តេចក្រឡាហោម នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលនៃការអនុវត្តកំណត់ហេតុ កិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រ សួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

ក្រសួងមហាផ្ទៃ បានបន្តថា កិច្ចប្រជុំនេះគឺជាការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ ក្នុងគោលដៅបន្តលើកកម្ពស់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងបណ្តាខេត្តជាប់ព្រំដែន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៃប្រទេសទាំងពីរ ។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវនេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ថងលុន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវផងដែរ ៕

ដោយចាន់ សុធីវង្ស