ស្ត្រីមានតួនាទីសំខាន់ក្នុងការ​កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

AKP ភ្នំពេញ ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២០ — ថ្លែង​ក្នុង​ពិធីសំណេះសំណាលអបអរសាទរខួបលើកទី១០៩ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូន បាន​មានប្រសាសន៍ថា ស្ត្រីមានតួនាទីដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានលើកទឹកចិត្តស្ត្រីឱ្យបន្តអភិវឌ្ឍន៍ខ្លួនតាម រយៈការអប់រំ និងទទួលយកតួនាទីជាអ្នកដឹកនាំកាន់​តែច្រើនថែមទៀតនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

បើតាមការផ្សាយរបស់ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ពិធីសំណេះសំណាលនេះ​បាន​ប្រព្រឹត្តទៅនៅទីស្តីការក្រសួង ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល ​ទេស​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន កាល​ពី​ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

ពិធីសំណេះសំណាលនេះ​ត្រូវបានរៀបចំឡើង​ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” និងទទួលបាន​ការចូលរួម​ពីមន្ត្រីជាន់ខ្ពស់ក្រសួង តំណាងសមាគមស្ត្រីកម្ពុជា តំណាងក្រសួងកិច្ចការនារី និងស្ត្រីទាំងអស់ ដែលជាមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

នៅក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមាន​ប្រសាសន៍កោតសរសើរ និងថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​មន្ត្រីរាជការដែលជាស្ត្រីនៅក្នុង​ក្រសួង ក៏ដូចជានៅអង្គភាពកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មន្ទីរពិសោធន៍ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងរួមចំណែកដល់ការសម្រេចបានជោគជ័យទាំងឡាយរបស់ក្រសួង។

ទន្ទឹមនឹងនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រីបាន​គូសបញ្ជាក់បន្ថែមទៀតថា សុខសន្តិភាពក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនយោបាយឈ្នះឈ្នះឱ្យខ្មែរួបរួមគ្នាតែមួយ ដែលធ្វើឱ្យ​ប្រជាជនយើងទូទាំងប្រទេសមិនភ្លេចពាក្យថា “ អរគុណសន្តិភាព ” មានសន្តិភាព មានអ្វីៗទាំងអស់៕

ដោយ ទេស ច័ន្ទសុធារី