សិក្ខាសាលាស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — សិក្ខាសាលាស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ត្រូវបានរៀបចំឡើងកាលពីថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នា២០២០ នៅមន្ទីរផែនការខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់តារា សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត ជាច្រើននាក់ទៀត ។

ឯកឧត្តម ផាន់ ចាន់តារា បានមានប្រសាសន៍ថា អង្គសិក្ខាសាលានេះ មានគោលបំណងដើម្បីបង្ហាញពីដំណើរការនៃការកសាង សារៈសំខាន់ និងការគ្រប់គ្រងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដល់ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗ ។

ឯកឧត្តម បានបន្តទៀតថា សង្ឃឹមថាក្រោយពីសិក្ខសាលានេះចប់ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ បានយល់ពីសារៈសំខាន់ និងដំណើរការនៃការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ព្រមទាំងបានយល់កាន់តែច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងដំណើការនៃការរៀបចំនេះ ព្រមទាំងចូលរួមគ្រប់សកម្មភាព ក្នុងជំហាននីមួយៗ ក្នុងការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ។

ឯកឧត្តមបានបន្ថែមទៀតថា ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ដែលមានលក្ខខណៈគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងនូវចក្ខុវិស័យអភិវឌ្ឍន៍ ឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋានជាក់ស្តែង និងប្រសិទ្ធភាពខ្ពស់ លុះត្រាតែមានការចូលរូមយ៉ាងទូលំទូលាយ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីអ្នកពាក់ព័ន្ធក្នុងខេត្តទាំងអស់គ្នា។ ឯកឧត្ត ម ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និង កិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត ។ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារនាឆ្នាំកន្លងមក ស្របតាមគោលការ ណ៍ច្បាប់ និង គោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន ហើយសម្រេចបានតាមផែនការសកម្មភាពរបស់ខ្លួន  ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ការអភិវឌ្ឍ កសាងផែនការអាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ។ ដោយផ្អែកលើមូលដ្ឋានលទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តសម្រេចបានកន្លងមក ហើយក្នុងឆ្នាំ២០២០-២០២២នេះ យើងក៏ត្រូវបន្តរួមគ្នាសម្រេចឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលបន្តទៀត ។

ឯកឧត្តមក៏បានធ្វើការក្រើនរម្លឹក ដល់មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវរួមសាមគ្គីគ្នាក្នុងការខិតខំថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះដល់ការរីកចម្រើន នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ៕

ដោយ បៃ ស៊ីថុន