សម្ដេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាមិនឱ្យគ្រូអូមអាមជនជាតិសិង្ហបុរីម្នាក់ជាន់ទឹកដីកម្ពុជា បើគ្មានការសុំទោស

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០​​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជា ឱ្យក្រសួងមហាផ្ទៃ ពិសេសអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហាមឃាត់បុគ្គលដែលជាគ្រូអូម​អាម​ជនជាតិសិង្ហបុរីម្នាក់ (គ្រូហុងស៊ូយ) ជាន់ទឹកដីកម្ពុជាបន្តទៀត បើគ្មានការសុំទោស បន្ទាប់​ពី​គ្រូរូបនេះបាននាំក្រុមរបាំព្រះរាជទ្រព្យកម្ពុជាទៅសម្ដែងនៅក្នុងប្រទេសសិង្ហបុរី ខុស​ទៅនឹង​ក្បួនខ្នាតសម្រាប់ទម្រង់ នៃសិល្បៈបុរាណខ្មែរនោះ។

ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២២ ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំង​ប្រទេសឆ្នាំទី៦ និងពិធីសំណេះសំណាលជាមួយសិល្បករទូទាំងប្រទេសលើកទី៣ ដែលមាន​អ្នកចូលរួមប្រមាណជិត៤,០០០នាក់ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២០ នៅមជ្ឈ​មណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា មានក្រុមសិល្បៈ​ព្រះរាជទ្រព្យរបស់យើងមួយក្រុម បានទៅសម្ដែងនូវសាំងហ្គាពួរ ហើយទីកន្លែងនៃការ​​សម្ដែង​នោះ គឺវាខុសនិងក្បួនខ្នាតនៃការសម្ដែងសម្រាប់ទម្រង់នៃសិល្បៈបុរាណរបស់ខ្មែរ។ សម្ដេចតេ​ជោបានគូសបញ្ជាក់ថា “តាមអ្វីដែលខ្ញុំបានឃើញនោះ គឺគេចាត់ទុកថាជាពិធីនៃការបួងសួង ដើម្បីសុំសេចក្ដីសុខសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែអ្វីដែលជាទម្រង់នោះ​គឺមិនមែន​យ៉ាងដូច្នោះទេ នៅត្រង់ថា គ្រូអូមអាមរបស់សាំងហ្គាពួរម្នាក់ ដែលភាសាចិន​គេហៅ​ថាគ្រូ​ហុងស៊ុយ គឺអ្នករាំរបាំព្រះរាជទ្រព្យរបស់យើងនៅខាងក្រោយលោកគ្រូនោះ ពេលដែលលោក​គ្រូនោះឈរឡើងដើម្បីនឹងបន់ស្រន់”។ សម្ដេចតេជោថ្លែងទៀតថា  នេះគឺជាការបន្ទាបបន្ថោក​នៃ​វប្បធម៌ជាតិរបស់យើង។ ដូច្នេះស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវធ្វើការគ្រប់គ្រង ព្រោះបច្ចុប្បន្ននេះយើងមានស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ក្រៅពីនេះ​ក៏មានសមាគមច្រើនណាស់ ដែលធ្វើការបណ្ដុះបណ្ដាល ធ្វើការអភិរក្ស គ្រប់គ្រងជាមួយ​សិល្បករ​ សិល្បការិនីនោះ មិនត្រូវចេះតែយកទៅសម្ដែងដោយខ្វះការពិចារណានោះទេ។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា “ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំមិន​អាច​ទទួលយកបានទេ នូវការធ្វើឱ្យអាប់ឱននូវមរតកដូនតាដែលបានបន្សល់ទុក ហើយជាពិសេស​គឺរបាំព្រះរាជទ្រព្យ ដែលសូម្បីតែអង្គព្រះមហាក្សត្ររបស់យើង ក៏យើងមិនដែលបានឃើញថា របាំព្រះរាជទ្រព្យត្រូវបានសម្ដែងនៅពីក្រោយមនុស្សនោះទេ។ ក៏ប៉ុន្តែផ្ទុយទៅវិញរបាំព្រះរាជ​ទ្រព្យ និងរបាំទាំងអស់ត្រូវបានបែរមុខឆ្ពោះទៅរកព្រះភក្ត្រព្រះមហាក្សត្រ ឬក៏ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាលទៅវិញទេ”។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា  អ្វីដែលធ្ងន់ធ្ងរជាង​នោះ គឺមនុស្សម្នាក់នេះដែលជាជនជាតិម៉ាឡេស៊ី ទើបនឹងចូលសញ្ជាតិសិង្ហបុរី បានបន្តុះ​បង្អាប់វាយប្រហារព្រះបរមរាជវាំងយ៉ាងធ្ងន់ធ្ងរ ដែលសម្ដេចមិនអាចទទួលយកបានទេ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដទៀតថា ថ្ងៃនេះសម្ដេចក៏បានចាត់វិធានការចំពោះ​មន្ត្រីដែលបានចូលទៅនិយាយនៅក្នុងហ្វេសប៊ុកផេក បន្ទាប់ពីបានឃើញភាពមិនសមរម្យ ជន​ជាតិខ្មែម្នាក់ក៏បានធ្វើការទិទៀនទៅលើរឿងនេះ បន្ថែមទៅដោយព្រះរាជវង្សយើងមួយ​ព្រះអង្គ​ក៏បានយល់ថាមិនត្រឹមត្រូវ។ ប៉ុន្តែផ្ទុយទៅវិញជនជាតិសិង្ហបុរីនេះ បានវាយប្រហារចំពោះ​ព្រះរាជវង្សានុវង្សខ្មែរ ហើយធ្វើឱ្យមានការអាប់ឱនដល់ព្រះរាជវង្សានុវង្ស ដែលនេះជា​ការ​វាយយ៉ាងដំណំទៅលើរបបរាជានិយម អាស្រ័យធម្មនុញ្ញ និងទៅលើអង្គព្រះមហាក្សត្រ ក៏ដូចជារាជវង្សានុវង្សខ្មែរ។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា “ថ្ងៃនេះខ្ញុំបានដាក់បទបញ្ជា ដើម្បី​ឱ្យ​​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហាមឃាត់បុគ្គលរូបនេះ មិនឱ្យជាន់​ទឹកដីកម្ពុជាតទៅទៀតទេ។ ក៏ប៉ុន្តែខ្ញុំក៏អាចបញ្ជាក់បានថា ប្រសិនបើគេធ្វើការសុំទោសរាជ​រដ្ឋាភិ​បាលកម្ពុជា ហើយធ្វើការសុំទោសចំពោះព្រះរាជវង្សានុវង្សកម្ពុជា យើងនឹអាចបើក​ឱកាស​ឱ្យមនុស្សនេះចូលមកប្រទេសកម្ពុជា។” ជាមួយគ្នានេះ ត្រូវស្វែងរកឱ្យឃើញ បើទោះ​បីជាថា អ្នកដែលនាំទៅនោះ គឺជារាជវង្សានុវង្ស ក៏ត្រូវតែយាងរាជវង្សានុវង្ស​នោះឱ្យមក​ក្រសួងវប្បធម៌ ដើម្បីក្រសួងវប្បធម៌ធ្វើការណែនាំ មិនអាចតាំងខ្លួនជារាជវង្សានុវង្ស ហើយនាំ​សិល្បៈខ្មែរទៅបំផ្លាញនោះទេ។ សម្ដេចតេជោលើកឡើងថា ព្រោះសិល្បៈរបស់ជាតិយើង គឺជារបស់ប្រជាជាតិកម្ពុជា មិនមែនជារបស់រាជវង្សានុវង្សមួយអង្គណានោះទេ ហើយព្រះ​មហា​ក្សត្រ ក៏ព្រះអង្គមិនដែលចាត់ទុកថា របាំព្រះរាជទ្រព្យជារបស់ព្រះអង្គផ្ដាច់មុខនោះដែរ។ សម្ដេចតេជោបានបន្ថែមថា ដូច្នេះចំណុចនេះត្រូវនិយាយគ្នាឱ្យច្បាស់ គ្មានអ្នកណាមួយធ្វើការ​គ្រប់គ្រងតាមបែបអាណាធិបតេយ្យ ហើយនាំសិល្បៈខ្មែរទៅធ្វើការបួងសួងនៅក្រៅប្រទេស ហើយយកហេតុផលថា បួងសួងឱ្យព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ​បើសិនជាខ្លួន​ឯង​ត្រូវការបួង​សួង​ឱ្យព្រះរាជាណាចក្រកម្ពុជា ក៏ខ្លួនឯងត្រូវរកទីតាំងឱ្យបានសមរម្យ ហើយមិន​អាច​ឱ្យអ្នករបាំខ្មែរមករាំពីក្រោយបុគ្គលដែលជាគ្រូអូមអាមមួយនោះទេ។ សម្ដេចតេជោបានចាត់ទុកថា  នេះមិនមែនជាជម្លោះរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង​សិង្ហបុរីនោះ​ទេ ក៏ប៉ុន្តែគឺជនជាតិសិង្ហបុរីម្នាក់បានធ្វើទង្វើបែបនេះ ដោយមានការរួមគំនិត​ជាមួយបុគ្គលខ្មែរមួយចំនួន រាប់ទាំងបុគ្គលម្នាក់ដែលថ្ងៃនេះ​សម្ដេចចេញអនុក្រឹត្យដកចេញ​ពីដំណែង ដែលជាជំនួយការរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មិនអាចឱ្យគេប្រមាថ​ចំពោះ​រាជវង្សានុវង្សខ្មែរតាមរយៈហ្វេសប៊ុកនោះទេ។ ទន្ទឹមនេះ ក្នុងឋានៈជាអ្នកការពាររាជវង្សានុវង្ស​ការពា​ររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជបល្ល័ង្គ និងក្នុងឋានៈជាអ្នកការពារវប្បធម៌ ជាតិខ្មែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានដាក់បទបញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ ធ្វើការពង្រឹងវិន័យគ្រប់គ្រងសិល្បៈជាតិរបស់ខ្លួនឱ្យបានគត់មត់ ដោយសម្ដេចបាន​លើកឡើង​ថា សម្ដេចយល់ស្របឱ្យសិល្បៈខ្មែរយើងទៅសម្ដែងនូវក្រៅប្រទេស ជាមួយនឹងវេទិកាធំៗ ដែលជាកម្រិតថ្នាក់ជាតិ ឬត្រូវបានគេអញ្ជើញឱ្យទៅធ្វើការសម្ដែង ប៉ុន្តែមិនមែនឱ្យសិល្បៈខ្មែរ​ចូលក្នុងកម្រិតថោកទាបមួយបានទេ ដូច្នេះត្រូវច្បាស់លើរឿងនេះ៕

ដោយ ជឹម ណារី