ប្រមុខរាជរដ្ឋាភិបាល ផ្ដល់មតិណែនាំឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ ពង្រឹងវប្បធម៌ជាតិ​ដែល​ជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ដល់មតិណែនាំឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ ដើម្បីឱ្យវប្បធម៌ជាតិ ដែលជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិ និងជាឧបករណ៍ សម្រាប់កិច្ចសន្ទនា ការផ្សះផ្សាសង្គម និងជាស្ពាន នៃការតភ្ជាប់រវាងប្រជាជាតិមួយទៅប្រជាជាតិ មួយទៀតកាន់តែមានការរីកចម្រើន និងមាន​ភាពល្បីល្បាញនៅ បណ្តាឆ្នាំក្រោយៗទៀត។

ក្នុងឱកាសទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២២ និងពិធីបិទមហោស្រពសិល្បៈយុវជន​ទូទាំងប្រទេសឆ្នាំទី៦ និងពិធីសំណេះសំណាលជាមួយសិល្បករទូទាំងប្រទេសលើកទី៣ ដែលមានអ្នកចូលរួមប្រមាណជិត៤,០០០នាក់ នារសៀលថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ការ​ណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរដែនដី អង្គការជាតិ-អន្តរជាតិ និង វិស័យ​ឯកជន ព្រមទាំងអង្គការមហាជននិងសមាគមសិល្បៈនានា ដើម្បីរៀបចំ «មហោស្រព សិល្បៈ​យុវជនទូទាំងប្រទេស»និង បំផុសស្មារតី «ទិវាវប្បធម៌ជាតិ» ឱ្យបានកាន់តែសកម្ម និង ផុសផុលទាំងក្នុង និងក្រៅប្រទេសក្នុងបុព្វហេតុរួម គឺការអភិរក្ស និងអភិវឌ្ឍសម្បត្តិ​វប្បធម៌​ជាតិ អនុលោមតាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ដោយរដ្ឋជាអ្នកគាំទ្រគាំពារ ដៃគូឯកជន ជាអ្នកអនុវត្ត។ ទន្ទឹមនេះ ត្រូវបន្តនិងបង្កើតនូវយន្តការថ្មីៗ ដើម្បីឱ្យកូនខ្មែរ ឤចមានលទ្ធ​ភាពបង្កើត ស្នាដៃសិល្បៈ វប្បធម៌ថ្មីៗរបស់ខ្លួន តាមរយៈការបើកវគ្គបណ្តុះ​បណ្តាលដល់យុវជន នៅតាមវិទ្យាល័យ សកលវិទ្យាល័យ និងអង្គការ សមាគមសិល្បៈទូទៅ ដើម្បីពង្រឹងគុណភាព អ្នកបង្កើតស្នាដៃថ្មីៗ តាមទម្រង់ក្បួនខ្នាតនៃវប្បធម៌ជាតិ ដោយចៀស​វាង​ការលួចចម្លងទាំងស្រុង នូវស្នាដៃសិល្បៈអ្នកដទៃ និងបរទេស ។ ជាមួយគ្នានេះ ត្រូវ​បន្តរៀបចំព្រឹត្តិការណ៍វប្បធម៌ នានាឱ្យបានច្រើននៅតាមបណ្តាខេត្តនៅទូទាំងប្រទេស ជាពិសេសនៅខេត្តសៀមរាប។ សម្ដេចតេជោក៏បានជំរុញដល់ក្រសួង ស្ថាប័ន  និងភាគីពាក់​ព័ន្ធ ត្រូវបង្កើត​ភាពជាដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធសារព័ត៌មានឯកជន តាមរយៈ​ទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង-ស្ថាប័នរដ្ឋ និងគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន របស់អ្នក វប្បធម៌គ្រប់ៗរូប ហើយត្រូវបន្តផ្សព្វផ្សាយចែករំលែកនូវខ្លឹមសារ រូបភាពនិងវីដេអូនានា ដើម្បីរម្លឹក និងអបអរ «ទិវាវប្បធម៌ជាតិ» និងព្រឹត្តិការណ៍វប្បធម៌ ដែលមានអត្ថប្រយោជន៍ ផ្សេងៗទៀត ជាមួយនឹងស្មារតីស្រឡាញ់វប្បធម៌ជាតិ ឱ្យបានទូលំទូលាយ ដល់ប្រជាពល​រដ្ឋ​កម្ពុជា ជាពិសេសស្រទាប់យុវជនដែលជាអ្នកបន្តវេន និងជាសរសទ្រូងនៃប្រទេសជាតិ៕

​ដោយ ជឹម ណារី