ឯកឧត្ដម ឃួង ស្រេង៖ បើអាជីវករផ្សារស្ទឹងមានជ័យឯកភាព រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការជួសជុលជូន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — ដោយសារស្ថានភាពផ្សារស្ទឹងមានជ័យចាស់  បានសង់ឡើងតាំងពីទសវត្សរ៍ទី៦០ បានទ្រុឌទ្រោមខ្លាំង នឹងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជា ពលរដ្ឋដែលចូលទៅទិញអីវ៉ាន់នៅក្នុងផ្សារនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យមើលស្ថានភាព ផ្ទាល់ក្នុងទីតាំងស្ទឹងមានជ័យចាស់ ដើម្បីធ្វើការជួសជុលផ្សារនេះឡើងវិញ ប្រសិនបើបងប្អូន អាជីវករផ្សារស្ទឹងមានជ័យបានឯកភាពគ្នាលើសំឡេង ពី៦០ភាគរយ ទៅ៧០ភាគរយនោះ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់បែបនេះ ខណៈឯកឧត្ដម ចុះពិនិត្យសំណង់ផ្សារនាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ តែងបានគិតគូរយ៉ាងខ្លាំងអំពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ ដោយ ផ្សារស្ទឹងមាន ជ័យចាស់ បានកសាងឡើងតាំងពីទសវត្សរ៍ទី៦០មកនោះ ហើយមានសភាពចាស់ទ្រុឌទ្រោម នោះវានឹងអាចបង្កគ្រោះថ្នាក់ដល់បងប្អូនអាជីវករនិងប្រជាពលរដ្ឋ។ ដូច្នេះ រដ្ឋបាលរាជធានី ភ្នំពេញគ្រោងនឹងធ្វើការជួសជុលផ្សារនេះឱ្យបានល្អប្រសើរឡើងវិញ។      

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះ បើបងប្អូនអាជីវករ មានការជំទាស់ មិនឱ្យធ្វើទេ អាជ្ញាធរក៏មិនធ្វើការជួសជុលដែរ។ តែបើអាជីវករមានការគាំទ្រច្រើន រដ្ឋបាលរាជ ធានីភ្នំពេញនឹងធ្វើការជួសជុលឱ្យបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង។

តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា  ផ្សារស្ទឹងមានជ័យចាស់នេះ បានកសាងឡើងក្នុងឆ្នាំ១៩៦៤ ធ្វើអំពីឈើ ប្រក់ក្បឿង ដែលមានទំហំ១៣ ម៉ែត្រគុណនិង១៨ម៉ែត្រ៕

ដោយ សួស សំរិត