ឯកឧត្តម គួច ចំរើន  អញ្ជើញពិនិត្យក្រុមការងារបច្ចេកទេសទាំង៦ក្រុម បានធ្វើបទបង្ហាញ នៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩  

AKP ព្រះសីហនុ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យក្រុមការងារបច្ចេកទេសទាំង ៦ក្រុម ធ្វើបទបង្ហាញ នៃអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅ ការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០  នៅសាលាខេត្តព្រះសីហនុ។

ក្រុមបច្ចេកទេសទាំង ៦ក្រុម ធ្វើការពិភាក្សាដូចជា៖ ក្រុមទី១. ពិភាក្សា ស្តីពីការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិ ភាពចរាចរណ៍ផ្លូវគោក ការដោះស្រាយវិវាទការងារ និងការទប់ស្កាត់កូដកម្ម បាតុកម្មខុសច្បាប់, ក្រុម២. ការងារគ្រប់គ្រងដីធ្លី និងសំណង់ ការដោះស្រាយទំនាស់ដីធ្លី, ក្រុម៣. ការងារទប់ស្កាត់បង្ក្រាបគ្រឿងញៀនខុសច្បាប់ ពិភាក្សាការត្រៀមរៀបចំសង្រ្កាន្តសមុទ្រកម្ពុជា ២០២០, ក្រុម៤ . ការងារស្ត្រី កុមារ កុមារកំព្រា និងការទប់ស្កាត់អំពើជួញដូរមនុស្ស, ក្រុម៥. ការកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ និងការងារស្តារលូ អូរ ប្រឡាយ, និងក្រុម៦. ការងារគ្រប់គ្រងសំណល់រឹង-រាវ និងការសម្អាតឆ្នេរ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍បូកសរុបវាយតម្លៃ កោតសរសើរអង្គសន្និបាតបូកសរុបរយៈពេលពីរថ្ងៃ ដែលក្រុមពិភាក្សាទាំង ៦ក្រុម បានយកចិត្តទុកដាក់ពិ ភាក្សាយ៉ាងផុលផុស ដែលមានអ្នកចូលរួមរហូតជាង ២០០នាក់ ទាក់ទងបញ្ហាងាយស្រួល និងបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីប្រមូលផ្ដុំធាតុចូល យក មកបំពេញការងារពេញមួយឆ្នាំខាងមុខទៀតសម្រាប់ក្រុមនីមួយៗ ជំរុញជាសកម្មភាពអនុវត្តន៍បន្ត។ អង្គសន្និបាតបានរកឃើញបញ្ហាប្រឈម និងសំណូម ពរនានាសម្រាប់ទិសដៅអនុវត្តន៍លើប្រ ធានបទដែលក្រុមទាំង៦ បានពិភាក្សា និងបង្ហាញ។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានផ្តល់អនុសាសន៍មួយចំនួន ដូចជា៖ ១.បង្កើនរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ដោយយកចិត្តទុកដាក់អនុវត្តន៍តាមលិខិតបទដ្ឋានគតិយុត្ត ឱ្យមានប្រសិទ្ធភាព ការផ្ទេរភារកិច្ចពីថ្នាក់ជាតិមកក្រុង ស្រុកទទួលបានផ្លែផ្កា។ ២.ចាត់ចែងអនុវត្តន៍មូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ ប្រកបដោយតម្លាភាពដោយប្រើប្រាស់ កញ្ចប់ថវិការបស់ខ្លួន បម្រើជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឆ្លើយតបទៅនឹងម្ចាស់ឆ្នោត និងប្រមុខរាជរដ្ឋាភិបាល ស្របតាមកំណែទម្រង់ស៊ីជម្រៅក្នុងការអភិវឌ្ឍនៅមូលដ្ឋាន បង្កើនសមត្ថភាពដឹកនាំនៅតាមឃុំ សង្កាត់ ហើយនៅឆ្នាំ២០២១ យើងនឹងដាក់ឱ្យមានការ ប្រឡងប្រណាំងឃុំ សង្កាត់ទាំង២៩ នៅទូទាំងខេត្តព្រះសីហនុ។ ៣.ការអនុវត្តការងារអប់រំ សេវាសុខាភិបាល និងសុរិយោដីបានដាក់ឱ្យដំណើរការនៅក្រុង ស្រុក។ ៤.ការពង្រឹងរបៀប របបការងារ និងការទំនាក់ទំនងរវាងក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត ដើម្បីមានការគាំទ្រ ធ្វើការពិនិត្យ ពិភាក្សាសហការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ។ ៥.ការងារផ្តល់សេវា សាធារណ: ដោយបង្កើត (ច្រក-ចេញចូលតែមួយ)  ប្រកបដោយគណនេយ្យភាព និងតម្លាភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្ដម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន បានផ្តល់ថវិកាលើកទឹកចិត្តដល់ឃុំ សង្កាត់ ស្តីពីលទ្ធ ផលកិច្ចប្រតិបត្តិការប្រឡងប្រណាំងឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០១៩ ដល់ឃុំ សង្កាត់ទាំង២៩ ក្នុងខេត្តព្រះ សីហនុ លេខ១ មាន ៩ឃុំ ក្នុងមួយឃុំទទួលបានថវិកា ១លានរៀល, លេខ២ មាន ១៦ឃុំ-សង្កាត់ ទទួលបានថវិកា ៦៥ម៉ឺនរៀល, លេខ៣ មាន ៣សង្កាត់ ទទួលបានថវិកា ៤៥ម៉ឺនរៀល និងលេខ ៤ មាន ១ឃុំ ៕

ដោយ ងូ សុមុនី