គណៈកម្មការទី២ ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តថវិកា ការអភិវឌ្ឍមូលដ្ឋាន  និងការផ្តល់សេវាសាធារណៈនៅខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២ ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាល ខេត្តពោធិ៍សាត់ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ជាមួយនឹងវិស័យរបស់ គណៈកម្មការទី២ព្រឹទ្ធសភា នៅសាលាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។

បន្ទាប់ពីក្តាប់របាយការណ៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍​សាត់ និងរបាយការណ៍របស់មន្ទីរពាក់ព័ន្ធក្នុងខេត្ត អំពីភូមិសាស្ត្រខេត្ត ស្តីពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លទ្ធផលការងារនៅក្នុងខេត្ត និងអំពីបញ្ហាប្រឈមនានាក្នុងខេត្តរួចមក ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានជម្រាបជូនពីគោលបំណងរបស់ គណៈកម្មការ ដែលចុះមកកាន់ខេត្តពោធិ៍សាត់នាពេលនេះ គឺដើម្បីឈ្វេងយល់កាន់តែស៊ីជម្រៅបន្ថែម ទៀតលើបញ្ហាមួយចំនួនរួមមាន៖  ការអនុវត្តគោលនយោបាយ កំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺក្នុងបុព្វបទថ្មីនៃការផ្ទេរធនធានមនុស្ស និងថវិកាឱ្យដល់មូលដ្ឋាន និងវឌ្ឍនភាព នៃការអភិឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមខ្លឹមសារនៃ អនុក្រឹត្យលេខ១៨២ អនក្រ.បក ១៨៣ អនក្រ.បក និង១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។​​​ ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានក្រុង ស្រុក ខណ្ឌ ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ ការធ្វើគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ការប្រើប្រាស់មូលនិធិសង្កាត់ និងបញ្ហាប្រឈម។

ឯកឧត្តមប​ន្តថា បញ្ហាសមត្ថភាពក្នុងការកសាង និងអនុវត្តន៍គម្រោងអភិវឌ្ឍន៍ថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់របស់ខេត្ត ព្រមទាំងបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍មូលដ្ឋាន ការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ការចូលរួមអភិវឌ្ឍន៍ មូលដ្នានរបស់អង្គការមិនមែនរដ្ឋាភិបាល(NGOs) ព្រមទាំងចុះមកប្រមូលព័ត៌មាន​អំពីប្រសិទ្ធភាពនៃការអនុវត្តន៍ការងារ បញ្ហាប្រឈមនានា នៅខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការទី២ព្រឹទ្ធសភា។

ឯកឧត្តមប្រធានគណៈកម្មការ​​បានបញ្ជាក់ថា ចំពោះ​​បញ្ហាប្រឈមនានា លោកនឹងពាំនាំ យកជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ និងវិស័យរបស់គណៈកម្មការទី២ព្រឹទ្ធសភា ​ ដើម្បីឱ្យមូលដ្ឋានមានលទ្ធភាព ពេញលេញ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ក៏ដូចជាផលប្រយោជន៍របស់ប្រទេសជាតិ។

ដោយឡែកនៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម ជា ជេដ្ឋ ក៏បាន ចុះជួបសវនាការ ជាមួយតំណាងអង្គការមិនមែនរដ្ឋាភិបាល(NGOs) ដើម្បីស្តាប់នូវសេចក្តីរាយការណ៍អំពីលទ្ធផលការងារ និងសកម្មភាពក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន បញ្ហាប្រឈមនានាសំណូមពរ  និងទិសដៅការងារបន្តរបស់អង្គការមិនមែនរដ្ឋាភិបាល នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ផងដែរ៕

ដោយ ប៉ាល់ សុង