ក្រសួងយុត្តិធម៌ ពិនិត្យលើសេចក្ដីព្រាងច្បាប់ចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក និងការធ្វើវិសោធនកម្មច្បាប់គ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — ដើម្បីជំរុញដល់ដំណើរការនៃការអនុវត្តច្បាប់នាពេលបច្ចុប្បន្នឱ្យបានកាន់តែទូលំទូ លាយ និងមានប្រសិទ្ធភាពថែមទៀត ក្រសួងយុត្ដិធម៌បានពិនិត្យលើសេចក្តីព្រាង​ច្បាប់​ស្តីពី ការចាត់ចែងជា​បណ្តោះ​​អាសន្ន​​នូវវត្ថុចាប់យក និងសេចក្តីព្រាងច្បាប់ស្តីវិសោធនកម្ម​ច្បាប់ស្តី ពីការត្រួត​ពិនិត្យគ្រឿងញៀន។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក និងសេចក្តីព្រាងច្បាប់ស្តីវិសោធនកម្មច្បាប់ ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន នាព្រឹកថ្ងៃទី០៣ខែមីនាឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្ដិធម៌ ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​​ក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការត្រូតពិនិត្យ​គ្រឿង​ញៀន ដោយសារតែរកឃើញរុក្ខជាតិថ្មីមួយដែលជាប្រភេទគ្រឿងញៀនមួយដូច​ជា កញ្ឆា។ ដូច្នេះដើម្បីកំណត់ប្រភេទគ្រឿងញៀនឱ្យច្បាស់ពិសេសនោះរុក្ខជាតិញៀនថ្មី​(ខាក)​ អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានស្នើសុំវិសោធនកម្មច្បាប់នេះក្នុងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា​ ទាំងចៅក្រម  ព្រះរាជអាជ្ញា អាជ្ញាធរ​ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំ ដើម្បីធ្វើវិសោធនកម្មច្បាប់នេះ សំដៅការ​បង្ក្រាប​បទ​ល្មើសគ្រឿងញៀនកាន់តែមានប្រសិទ្ធភាពល្អប្រសើរ ពិសេសនោះឆ្លើយតបនឹង​ការវិវត្ដនៃ​គ្រឿងញៀន ក្នុងសង្គមជាក់ស្តែង។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា “យន្តការនៃការដោះស្រាយ ការប្រើប្រាស់​គ្រឿង​​ ញៀន ក្លាយជាកម្មវត្ថុចម្បងក្នុងការធ្វើវិសោធនកម្មច្បាប់នេះ”។ ឯកឧត្ដមបានលើកឡើងថា ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកវិញលោក គឺជា​ការគ្រប់គ្រងនិងចាត់ចែងវត្ថុដែលត្រូវបានចាប់យកក្នុងរឿងក្តីព្រហ្មទណ្ឌបានក្លាយជាបញ្ហាមួយនៅចំពោះមុខចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ ជាពិសេសនោះការ ចាត់ចែងឱ្យទាន់ពេល​វេលានូវរាល់វត្ថុតាងដែលនាំឱ្យខូចខាត និងបាត់បង់ផ្នែកសេដ្ឋកិច្ចរបស់សង្គម ឬបុគ្គល។

ជាមួយគ្នានេះ ឯកឧត្ដម អង្គ វង្សវឌ្ឍានា តាមការស្រាវជ្រាវមូលហេតុដែលបាត់បង់វត្ថុ​តាងនោះដោយសារកក្តាពីរ គឺ១. ដោយសារផ្លូវច្បាប់គឺរង់ចាំសាលក្រម ឬសាលដីកាស្ថាពរ ដែលអាចចាត់ចែងវត្ថុតាងនោះ។ ទី២.កង្វះខាត់ទីកន្លែងរក្សាទុកវត្ថុតាងឱ្យបានត្រឹមត្រូវ ដែល វត្ថុតាងនេះ ធ្វើឱ្យមានភាពស្មុគស្មាញពាក់ព័ន្ធនឹងគ្រឿងញៀន។ ទន្ទឹមនេះ ដោយសារតែមាន ការដឹកនាំពីសម្តេចក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួង យុត្តិធម៌ក៏បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ដើម្បីបង្កើតយន្តការថ្មីមួយបន្ថែម លើនីតិវិធីដែលអនុញ្ញាតឱ្យតុលាការមានសិទ្ធិចាត់ចែងជា បណ្តោះ អាសន្ននូវវត្ថុចាប់យកមុន​សាលក្រមជាស្ថាពរ។ ឯកឧត្ដមបានអះអាងថា ការធ្វើបែប នេះ ដើម្បីធានានូវតម្លៃ ឬសេដ្ឋកិច្ច វត្ថុតាង ក៏ដូចជាធានាសិទ្ធិរបស់បុគ្គលពាក់ព័ន្ធផងដែរ។

ឯកឧត្ដមរដ្ឋមន្រ្ដីថ្លែងថា “យន្តការថ្មីនេះនឹងអាចជួយចាត់ចែងវត្ថុវតាងនៃបទល្មើសឱ្យ​បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សស្របច្បាប់ជាធរមាន ហើយ ដោះស្រាយបានទាំងបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌផ្សេងទៀតផងដែរ”។ ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ទោះបីជាយ៉ាងណាក្នុងស្មារតីនេះតុលាការនឹង ធានាថា​ការចាត់ចែងជាបណ្តោះអាសន្នរបស់ខ្លួន និងមិនប៉ះពាល់ ឬធ្វើជាឧបសគ្គក្នុងការស្វែងរកការ​ពិត​ក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌដែលជាបេសកកម្មចម្បងរបស់ស្ថាប័នតុលាការ។  លើស ពីនេះទៀត​ សេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ ទាំងពីរនេះនឹងពិភាក្សាគ្នា ឱ្យគ្រប់ជ្រុងជ្រោយ ហើយចេញជាការប្រញាប់ដើម្បីដោះស្រាយបញ្ហាចំពោះមុខផងដែរ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក និងសេចក្តីព្រាងច្បាប់ស្តីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បានដាក់ចូល ក្នុង កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធចំនួន៩លើកមកហើយ។ សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជា បណ្តោះអាសន្ន នូវវត្ថុចាប់យកមានចំនួន៤ជំពូក និង១៥មាត្រាមានគោលបំណងរក្សា​នូវតម្លៃ​សេដ្ឋកិច្ចនៃចាប់យកនៃសំណុំរឿងព្រហ្មទណ្ឌ ព្រមទាំងការពារផលប្រយោជន៍ម្ចាស់វត្ថុ​ឬរបស់​បុគ្គលពាក់ព័ន្ធ។ ដើម្បីការពារផលប្រយោជន៍សាធារណៈសេចក្តីព្រាងច្បាប់នេះ​អនុញ្ញាតឱ្យ​មាន​ការចាត់ចែងជាបណ្តោះអាសន្នចំពោះវត្ថុចាប់យក នៅគ្រប់ដំណាក់លកាលនីតិវិធី​ពាក់​ព័ន្ធ លើកលែងតែមានបញ្ញត្តិចែងផ្សេង។ ការចាត់ចែងជាបណ្តោះអាសន្ននេះ​មិនត្រូវបង្ក​ឱ្យ​មាន​ឧបសគ្គការសម្តែងការពិតក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌនោះទេ។ ចំពោះប្រភេទដែល​ត្រូវ​ចាត់​ចែងជាបណ្តោះអាសន្នមាន៧ប្រភេទ ហើយចំពោះ​ប្រាក់ដែលបានមកពីការចាត់ចែង​ជាបណ្តោះអាសន្ន និងប្រាក់ដែលត្រូវបានដាក់កម្កល់ក្នុងនីវិធីជាបណ្តោះអាសន្ន ត្រូវតម្កល់​ទុកគណនេយ្យធនាគារណាមួយដែលត្រូវកំណត់អនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ ចំណែក​ខ្លឹម សារវិសោធនកម្មសេចក្តីព្រាងច្បាប់ការត្រួតពិនិតគ្រឿងញៀនវិញ ត្រូវបានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានស្នើសុំធ្វើវិសោធនកម្ម ដោយសារមានភាពចាំក្នុងការបញ្ចួល រុក្ខជាតិ«ខាក»ដែលជាគ្រឿងញៀនដូចជាកញ្ឆា ក្នុងច្បាប់គ្រឿងញៀន។  កាធ្វើវិសោធនកម្ម ច្បាប់នេះដោយសារច្បាប់នេះមានការពិបាកក្នុងការអនុវត្តបញ្ហាប្រឈមជាក់ស្តែងមួយចំនួន។ ជាមួយគ្នានេះ សម្រាប់ខ្លឹមសារដែលត្រូវធ្វើវិសោធនកម្មគឺមានមាត្រា៨  មាត្រា១៤ មាត្រា៤០ មាត្រា៧៤ និងមាត្រា១០៥៕

ដោយ ប៊ុនរិទ្ធ