ទិវាសត្វព្រៃពិភពលោក៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញប្រជាពលរដ្ឋ ចូលរួមអភិរក្សសត្វព្រៃ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដើម្បីការពារសុខភាពរបស់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — ពិភពលោកទាំងមូលបានប្រារព្ធទិវាសត្វព្រៃពិភពលោក នាថ្ងៃទី០៣ ខែមីនា ក្រោម ប្រធានបទ «ធ្វើឱ្យមាននិរន្តរភាពជីវិតលើភពផែនដី»។ ទិវាសត្វព្រៃពិភពលោកនេះ ត្រូវបាន ប្រារព្ធឡើងដើម្បីបង្ហាញពីជីវិតសត្វ និងរុក្ខជាតិដ៏សម្បូរបែប ដែលមាននៅលើភពផែនដី និងផ្សព្វផ្សាយពីគុណតម្លៃនៃជីវៈចម្រុះទាំងនេះ ដែលបានផ្តល់ផលប្រយោជន៍យ៉ាង ច្រើនដល់ប្រជាពលរដ្ឋ។

ទិវានេះ ក៏ជាការរម្លឹកដល់មនុស្សគ្រប់រូបអំពីភាពចាំបាច់នៃការចាត់វិធានការប្រឆាំង នឹងឧក្រិដ្ឋកម្មលើសត្វព្រៃ និងការធ្លាក់ចុះនូវប្រភេទសត្វព្រៃខ្លះដោយសកម្មភាពមនុស្ស ដែលនេះ អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា និងអភិរក្សជីវៈចម្រុះ ជីវិតសត្វ និងរុក្ខជាតិតូចធំនៅក្នុងតំបន់ការពារធម្មជាតិដើម្បី រក្សាឱ្យបានគង់វង្សសម្រាប់មនុស្ស រាប់ជំនាន់ទៅមុខទៀត។

ឯកឧត្តមបានថ្លែងថា ក្នុងការសង្គ្រោះសត្វព្រៃ និងអភិរក្សសត្វព្រៃ មន្ត្រីឧទ្យា នុរក្សដែលបានឈរជើងការពារតំបន់ការពារធម្មជាតិនានាបានដោះអន្ទាក់ចេញពីក្នុងព្រៃបានចំនួន ១៧ ១៧៥អន្ទាក់ កាលពីឆ្នាំ២០១៩ កន្លងទៅគឺមាន ការកើនឡើងជាងឆ្នាំ២០១៨ ចំនួន ៥០០០អន្ទាក់។ ខេត្តដែលបានដោះអន្ទាក់បានច្រើនជាងគេគឺខេត្ត កោះកុងដែលមានចំនួន ៧០៧៤ អន្ទាក់នៅឆ្នាំ ២០១៩។

យោងតាមរបាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះ ប្រទេសកម្ពុជាជា ប្រទេស សម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញ វត្តមានប្រភេទថនិកសត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ  ត្រី៨៧៤ ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និងថលជលិក៦៣ ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀត ដែលមិនទាន់សិក្សា ស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែលបាន កំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ដូចជា ថនិកសត្វមាន៣៩ប្រភេទ ក្នុងនោះប្រភេទសត្វដែលជិតផុតពូជ និងងាយរងគ្រោះ រួមមានដំរីអាស៊ី ខ្លាដំបង ខ្លាឃ្មុំធំ ខ្លាពពក ខ្លាត្រី ខ្លាលឿងមាស រមាំង កែះ ប្រើសស្បូវ ខ្ទីង ទន្សោង ពង្រូល ទោចម្កុដ ទោចផ្ពាល់លឿង រញីប្រផេះ ស្វាត្រោស ឆ្កែព្រៃ រីឯសត្វស្លាប ៣៦ ប្រភេទ ដែលជិតផុតពូជនិងងាយរងគ្រោះរួមមានត្រយងយក្ស ត្រដក់ធំ កេងកងធំ ត្មាតប្រផេះ ត្មោតត្នោត ត្មាតភ្លើង ក្រផលក្បាលក្រហម អង្កត់ខ្មៅជាដើម ឧរង្គសត្វ ១៣ ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និងថលជលិក១២ប្រភេទ។

ឯកឧត្តមបានថ្លែងថា  «សត្វព្រៃ និងរុក្ខជាតិ ដែលមាននៅលើភពផែនដីនេះគឺពិតជា មានសារៈប្រយោជន៍មិនអាចកាត់ថ្លែងបាន ផ្នែកប្រព័ន្ធអេកូឡូស៊ី ហ្សេនេទិក សង្គម សេដ្ឋកិច្ច វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ ផ្សាភ្ជាប់នឹងជីវិតរស់នៅរបស់មនុស្ស និងការអភិវឌ្ឍដោយ ចីរភាពផងដែរ»។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា សត្វព្រៃ និងសត្វ ស្លាបមួយចំនួនដែលពិភពលោកជិតផុតពូជ គឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ជា មួយគ្នានេះ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញឱ្យប្រ ជាពលរដ្ឋ ចូលរួមការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា និងបានអំពាវនាវ ឱ្យប្រជាពលរដ្ឋបញ្ឈប់ ការបរបាញ់សត្វ ចាប់សត្វព្រៃខុសច្បាប់ដែលត្រូវប្រឈមនឹងច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំបរិភោគសាច់សត្វព្រៃ ព្រោះមានមេរោគ និងគ្មានការត្រួតពិនិត្យត្រឹមត្រូវ ដែលធ្វើឱ្យមានការប៉ះពាល់ដល់សុខភាព។ ឯកឧត្តមបន្តថា ក្រោយពីការផ្ទុះជំងឺកូវីដ១៩ ប្រទេសចិនបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបរិភោគសាច់សត្វព្រៃ និងកុំជួញដូរសត្វព្រៃ។

ឯកឧត្តមបានថ្លែងថា តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ការបរិភោគសាច់សត្វ ព្រៃមិនមានប្រយោជន៍សម្រាប់សុខភាពទេ ប៉ុន្តែអាចប្រឈមនឹងជំងឺឆ្លងផ្សេងៗ ក៏ដូចជាចម្លង មេរោគផងដែរ។ ឯកឧត្តមបន្តថា មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្តា ខេត្តនានាបានចុះពិនិត្យជាប្រចាំនៅតាមទីផ្សារនានា និងនៅតាមភោជនីយដ្ឋាន មិនអនុញ្ញាត ឱ្យលក់សាច់សត្វព្រៃឡើយ។ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើឃើញ មានការលក់សាច់សត្វព្រៃ សូមទាក់ទងមកមន្ត្រីជំនាញដើម្បីចាត់វិធានការតាមច្បាប់»។

ឆ្លៀតក្នុងឱកាសនៃទិវាពិភពលោកសត្វព្រៃនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេធិការ ក្រសួងបរិស្ថាន បានគូសបញ្ជាក់សាជាថ្មីនូវការតាំងចិត្តខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ «កម្ពុជាក្នុងនាមជាសមាជិក អង្គការសហប្រជាជាតិ គឺត្រៀមខ្លួនក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយ ប្រទេសទាំងអស់ ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរ សត្វព្រៃខុស ច្បាប់»។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា «កម្ពុជា បាន និង កំពុងចូលរួមយ៉ាង សកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជា ក៏បានសហការ ក្នុងនាមជាដៃគូអន្តរជាតិក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វ ព្រៃខុសច្បាប់ដែរ នៅលើពិភពលោក។

ឯកឧត្តមបញ្ជាក់ថា ក្រសួងបរិស្ថានមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធ ប្រឆាំងការ ជួញដូរសត្វព្រៃខុសច្បាប់ ហើយបានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បី លុបបំបាត់ការជួញដូរខុសច្បាប់នេះ។ ឯកឧត្តមបញ្ជាក់ទៀតថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តន៍ជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃ ខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំ ដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោស តាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម៕

ដោយ គង់ សិរីរ័ត្ន