សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ ជាតិ» ដែលប្រារព្ធធ្វើឡើងនារសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ការប្រារព្ធទិវាវប្បធម៌ជាតិមានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវវ័យ​ចូល​រួមអនុវត្តន៍​ឱ្យកាន់តែសកម្មថែមទៀតនូវចំណុចជាសារវន្តមួយចំនួនដូចជា  លើកកម្ពស់​មនសិការ និងស្មារតីចូលរួមក្នុងការផ្ទេរ និងទទួលយកនូវចំណេះដឹង ជំនាញបច្ចេកទេស​សិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះ នៃ​សហគមន៍ជនជាតិនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស ដែលជាចលករនៃសាមគ្គីភាព ឯកភាព​ជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។ ទន្ទឹមនេះ បង្កើនការយល់ដឹង​ឱ្យកាន់តែច្បាស់ អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកប​ដោយថាមពលខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម តាមរយៈការបង្កើនសេវា និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។​លើកទឹកចិត្តឱ្យមាន​ការ​ចូលរួមក្នុងការសិក្សាស្រាវជ្រាវ ឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្ស​ល្អនូវ​រាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងធ្វើការ​ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ។  លើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួម​ចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនក្នុងន័យបង្កើនការងារ និងកាលានុវត្តភាព ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ឱ្យខិតខំបង្កបង្កើនស្នាដៃ​វប្បធម៌ថ្មីៗប្រកបដោយគុណភាព។ ការរៀបចំទិវានេះក៏ជំរុញឱ្យមានការចូលរួម ដោយការ​ទទួល​ខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ប្រកបដោយនិរន្តរភាព និងសន្តិភាព ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿសាសនានិងពណ៌សម្បុរ។

គួរបញ្ជាក់ដែរថា ទិវាវប្បធម៌ជាតិ៣មីនា ត្រូវបានចាត់ទុកជាទិវាដ៏មានសារៈសំខាន់​មួយរបស់ប្រជាជាតិ ក្នុងការរំលឹកដល់គុណូបការៈចំពោះបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវ​មរតកវប្បធម៌ដ៏សម្បូរបែប ដែលមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ និងជាទិវា​បំផុស​​នូវស្មារតីស្រឡាញ់វប្បធម៌ ទំនៀបទម្លាប់ ប្រពៃណីជាតិ ពីសំណាក់ប្រជាពលរដ្ឋ។ ជាពិសេសស្រទាប់យុវជនដែលជាអ្នកបន្តវេន មានកាតព្វកិច្ចចូលរួមថែរក្សាការពារនូវសម្បត្តិ វប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៅកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ។ ភ្ជាប់នឹងការប្រារព្ធ ទិវាវប្បធម៌ជាតិ៣មីនានេះដែរ ក៏មានរៀបចំពិធីបិទមហោស្រពសិល្បៈយុវជនទូទាំង ប្រទេស លើកទី៦ និងការពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីផងដែរ៕

ដោយ ជឹម ណារី