រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ដែលផ្លាស់ប្តូរឈ្មោះ ក្រសួងឧស្សាហកម្ម និងសេចក្តីព្រាងច្បាប់៥ផ្សេងទៀត មកពិនិត្យសិក្សា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។ កិច្ចប្រជុំបាន សម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ តាមសំណើរបស់រាជរដ្ឋាភិបាល ក្នុងនោះមាន សេចក្តីព្រាងច្បាប់ ស្តីពី ការផ្លាស់ប្តូរឈ្មោះក្រសួងឧស្សាហកម្មមួយផងមកប្រគល់ជូន គណៈកម្មការជំនាញរដ្ឋសភានានា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការ  អចិន្រ្តៃយ៍រដ្ឋសភាវិញ។

សេចក្តីព្រាងច្បាប់ទំាង៦ ដែលរដ្ឋសភាសម្រេចទទួលយកមកពិនិត្យសិក្សា នាពេលនេះមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ដោយសហការជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។  ២- អង្គប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ដោយ សហការជាមួយ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ ៣- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ដោយសហការជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។   ៤- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន ដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ពិនិត្យ សិក្សា ដោយសហការ ជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ ៥- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទីបី ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគ ទូលំទូលាយអាស៊ាន ដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។   ៦- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕

ដោយ ប៉ាល់ សុង