រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីចាត់ទុកសមត្ថភាពរបស់ស្ថាបត្យករ និងវិស្វករក្នុងប្រទេស គឺជាសក្តានុពលដ៏ធំធេងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាតិ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចាត់ទុកថា សមត្ថភាពរបស់​ស្ថាបត្យករ និងវិស្វករក្នុងប្រទេស គឺជាសក្តានុពលដ៏ធំធេងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ​ជាតិ ជាពិសេសមិនចាញ់ស្ថាបត្យករ ឬវិស្វករមកពីបរទេសនោះទេ។

ក្នុងពិធីបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់សំណង់លើកទី៤ ជូនក្រុមហ៊ុនសាងសង់ ក្រុមហ៊ុន សិក្សាគម្រោងប្លង់ និងរូបវន្ដបុគ្គលសិក្សាគម្រោងប្លង់ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅ ទីស្ដីការក្រសួងរៀបចំដែនដី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា ​រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឱ្យ មានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីជំរុញឱ្យក្រុមហ៊ុនសាងសង់ ឬវិស្វករ ស្ថាបត្យករក្នុងស្រុកមាន ការងារធ្វើទាំងអស់គ្នាដោយរាល់ការដ្ឋាននីមួយៗត្រូវមានវិស្វករ ឬស្ថាបត្យករប្រចាំការដ្ឋាន យ៉ាងហោចណាស់២នាក់ ព្រមទាំងបានគាំទ្រដល់ក្រុមហ៊ុនសាងសង់មកពីបរទេស ទាំងអស់ ឱ្យបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងអនុវត្តន៍ច្បាប់ស្តីពីសំណង់ និងច្បាប់នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបានបញ្ជាក់ថា ការផ្សព្វផ្សាយនេះ គឺដើម្បីប្រមូល​បាន​ធនធានមនុស្សដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់អំពីច្បាប់សំណង់ដែលចាត់ ទុកថាជាសមិទ្ធផលរួមរបស់ជាតិ និងប្រជាជនបានខិតខំកសាងធនធានមនុស្សនេះរយៈពេល ៤១ឆ្នាំកន្លងមក។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ដថា ចំណេះដឹង និងវិជ្ជាជីវៈពិតប្រាកដដ៏​កម្រនេះ ចាត់ទុកថាយើងអាចមានសមត្ថភាពក្នុងការទ្រទ្រង់រ៉ាប់រងវិសាលភាពការងារ ហើយ​ក៏​​មិនចាញ់ស្ថាបត្យករ ឬវិស្វករមកពីបរទេសនោះដែរ។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុន​សាងសង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់ឱ្យចូលរួមគាំទ្រនូវច្បាប់ស្តីពី​សំណង់ឱ្យ​បានត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ក្រោយពីបានបញ្ចប់វគ្គផ្សព្វផ្សាយនេះហើយ នឹងផ្សព្វផ្សាយច្បាប់សំណង់នេះទៅដល់​បណ្តា​និស្សិត​នៅតាមគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទៀត និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត រាជ​ធានី​​ទូទាំងប្រទេស។ បន្ទាប់មកក៏នឹងមានការប្រជុំផ្សព្វផ្សាយជាមួយព្រះរាជអាជ្ញា មេធាវី និង​ក្រឡាបញ្ជីសំដៅឱ្យការអនុវត្តច្បាប់សំណង់នេះស្របទៅតាមលិខិតបទដ្ឋានផង ស្របតាម​ច្បាប់​ផង ហើយជាការអនុវត្តនូវវិធានការច្បាប់ផងដែរ។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីបាន​បន្ដ​ទៀតថា ការចូលរួមទទួលការបណ្តុះបណ្តាល​គឺដើម្បីបានយល់ដឹងអំពីច្បាប់ស្តី​ពីសំណង់នេះ​គឺដើម្បីបានទទួលវិញ្ញាបនបត្របញ្ជាក់ថាបានចូលរួមវគ្គផ្សព្វផ្សាយ និងបានយល់ដឹងនូវខ្លឹម សារជាសារវន្តដែលច្បាប់សំណង់បានកំណត់អំពីកាតព្វកិច្ចរបស់ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីបាន​បន្ថែមថា នៅពេលដែលក្រសួងបានរៀបចំផ្សព្វផ្សាយច្បាប់នេះមានលក្ខណៈគ្រប់គ្រាន់​ហើយ​នោះ ក្រសួងនឹងធ្វើការចុះត្រួតពិនិត្យធ្វើអធិការកិច្ចសំណង់នៅតាមបណ្តាការដ្ឋាន ហើយ​ប្រសិន​បើពិនិត្យឃើញថាសំណង់ណាដែលសាងសង់ខុសពីលិខិតបទដ្ឋានគតិយុត្តិនោះ ​នឹង​មានការចាត់វិធានការតាមផ្លូវច្បាប់។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីក៏បានសំណូមពរឱ្យអ្នកចូលរួមក្នុងវគ្គផ្សព្វផ្សាយនេះរួមគ្នា គាំទ្រក្នុងការអនុវត្តច្បាប់សំណង់ឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងកុំបណ្តែតបណ្តោយឱ្យ ការសាងសង់សំណង់ផ្សេងៗគ្មានបទដ្ឋានបច្ចេកទេសច្បាស់លាស់ ឬគ្មានលិខិតអនុញ្ញាត សាងសង់ដែលបង្កជាវិបត្តិផ្សេងៗដូចពេលកន្លងមក ដើម្បីធ្វើយ៉ាងណាឱ្យព្រះរាជាណាចក្រ កម្ពុជាមានសំណង់ប្រកបទៅដោយសុវត្ថិភាព សោភ័ណភាព មានសំណង់ដែលអាចចូលរួម ចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុនិងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ​ និងបុគ្គលសំដៅផ្តល់ជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ ដែលក្រសួងរៀបចំដែនដី​នគរូបនីយកម្ម និង​សំណង់បានបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់សំណង់នេះឡើងដែលកាលពី៣វគ្គមុនមានអ្នកចូលរួមចំនួន៣២៨៩រូប ហើយក្នុងវគ្គនេះដែរ ក៏មានក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ និង​រូបវន្តបុគ្គលសិក្សាគម្រោងប្លង់ដែលបាន​ចុះបញ្ជីមានសុពលភាព សរុប១,២០០រូប ក្នុងនោះក៏ បានកត់សម្គាល់ឃើញថាមានស្ថាបត្យករចូលរួមចំនួន៩១ភាគរយ៕

ដោយ រិទ្ធី