សមាគមសម្ព័ន្ធខ្មែរ-ចិន ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តល់យុត្តិធម៌​ប្រគល់កម្ម​សិទ្ធិទីតាំងដីអតីតផ្នូរបញ្ចុះសព សម្រាប់ទុកជាមរតករបស់សមាគម

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាបានឱ្យដឹងថា ​ សមាគម​សម្ព័ន្ធ​ខ្មែរ-ចិន និងសមាគមនិកាយចិនហុកគៀននៅកម្ពុជា បានថ្លែងអំណរគុណដល់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលបានផ្តល់យុត្តិធម៌​ប្រគល់​កម្មសិទ្ធិទីតាំងដីអតីតផ្នូរបញ្ចុះសព ជាមរតកដូនតារបស់សមាគម​ដែលមានទំហំ​១៧១,២៥៥ម៉ែត្រក្រឡា ជូនសមាគមនិកាយចិនហុកគៀនវិញសម្រាប់ថែរក្សាទុកជាមរតក និង​ប្រើប្រាស់ទុកជាប្រយោជន៍សម្រាប់សង្គមកិច្ច និងសេដ្ឋកិច្ច។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងរៀបចំដែនដី លោកឧកញ៉ា ពុង ឃាវសែ បាន​លើកឡើងថា ការ ទទួលបាននូវកម្មសិទ្ធដី១៧១,២៥៥ម៉ែត្រក្រឡានេះវិញគឺដោយសារទឹកចិត្ត​អនុគ្រោះ ដ៏ស្មោះ សររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះ​រា​ជាណា​ចក្រ កម្ពុជា និងទទួលបាននូវក្តីអាណិតគាំទ្រពីឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់នូវក្តី​ស្រឡាញ់​ដល់បង​ប្អូនខ្មែរ-ចិន ជាពិសេសផ្តល់លទ្ធភាពឱ្យសមាគមទទួលថែរក្សាមរតកដូនតាដែល​បាន​បន្សល់​ទុកឱ្យ  កូនចៅជំនាន់ក្រោយ។ លោកឧកញ៉ាបន្ថែមថា សមាគមសម្ព័ន្ធខ្មែរ-ចិន និង​សមាគម​ហុក​គៀន​បានព្រមព្រៀងគ្នានឹងប្រើប្រាស់ដីនេះមួយចំណែក​សម្រាប់កសាង​មណ្ឌល​ថែទាំជន​ចាស់ជរាគ្មានទីពឹងក្នុងន័យរួមចំណែកបម្រើដល់កិច្ចការសង្គមកិច្ច និងមនុស្សធម៌។ ក្រៅពីនេះ សមាគមអាចនឹងដាក់ជួលដីនេះដើម្បីទទួលបានប្រាក់ចំណូលមកទ្រទ្រង់មណ្ឌល ថែទាំជន ចាស់ជរា និងការងារមនុស្សធម៌របស់សមាគមផងដែរ។ ក្នុងនាមតំណាងឱ្យសមាគម លោក ឧកញ៉ាបានសន្យាថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកជួយដល់​កិច្ចអភិ វឌ្ឍន៍ជាតិ និងចូលរួមរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនឱ្យ​កាន់​តែមាន ភាពជិតស្និទ្ធ និងរឹងមាំថែមទៀត។

ជាការឆ្លើយតប ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់បាននាំមកនូវការផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចតេជោនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិន និងសមាគម និកាយចិន​ហុក​គៀននៅ​កម្ពុជា​​ព្រមទាំងក្រុមគ្រួសារសាច់ញាតិរបស់សមាគមខ្មែរ-ចិន ដែលមានជាងមួយ​លាននាក់​​នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ មានពលរដ្ឋខ្មែរសែស្រឡាយចិន​ចំនួន៨០​ម៉ឺននាក់ និងពលរដ្ឋចិនដែលមកវិនិយោគ និងប្រកបមុខជំនួញ នៅកម្ពុជា​ជា​អចិន្រ្តៃយ៍​​មាន​ប្រមាណ២០ម៉ឺននាក់ បានចាត់ទុកកម្ពុជាជាមាតុភូមិរបស់ខ្លួន ហើយបានខិត​ខំយ៉ាងសកម្ម​ក្នុងមុខ​ជំនួញរបស់ខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីបានបន្ដថា ការខិតខំប្រឹងប្រែងរបស់យើងបានរួម​ចំណែក​យ៉ាងពិតប្រាកដប្រកបដោយបញ្ញា និង​គំនិតប៉ិនប្រសប់ដែលអាចនិយាយបានថា​ជា​អ្នកទ្រ​ទ្រង់​នៅក្នុងការអភិវឌ្ឍសង្គមជាតិ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា សមាគម​ក៏​ដូចជាជនជាតិចិនទាំងអស់គ្នាសុទ្ធតែជាអ្នកបានមើលឃើញផ្ទាល់ និងរួមចំណែកដោយ​ផ្ទាល់​​ក្នុង​ប្រទេស​កម្ពុជាដែល ចាត់ទុកថានេះជាមាតុភូមិរបស់យើង ជាកន្លែងដែលយើងរស់​នៅ​ប្រកបដោយ​មោទន​ភាព មាន​ជាតិ សាសនា ព្រះមហាក្សត្រ និងមានវប្បធម៌។ ផ្ទុយ​ទៅ​​វិញ​បើយើងទាំងអស់គ្នាមិន​មាន​ទឹកដី ហើយទៅរស់នៅពឹងអាស្រ័យនៅឯបណ្តាប្រទេសដទៃ​​ទៀត ក៏អាច​រស់នៅបាន​ដែរ។ ប៉ុន្តែនឹងបាត់បង់អ្វីមួយដែលហៅ​​ថាមាតុភូមិរបស់​ខ្លួនដែល​ទាំង​អស់​គ្នាបាន​រួមចំណែក​ជាមួយគ្នាគ្រប់បែបយ៉ាងនិងគ្រប់កាលៈទេសៈ ហើយនឹងកត់ត្រាទុកនូវ​អ្វី​ដែល​យើង​បានខិតខំ​ប្រឹងប្រែងជាមួយគ្នារយះពេល៤១ឆ្នាំមកនេះ ហើយកសាង​បាន​នូវ​សមិទ្ធ​ផលជា​ច្រើនទុកឱ្យ​កូនចៅជំនាន់ក្រោយ។

ដោយឡែកចំពោះគម្រោងប្រើប្រាស់ដីរបស់សមាគមសម្ព័ន្ធខ្មែរ-ចិន និងសមាគម និកាយចិនហុកគៀននៅកម្ពុជាក្នុងការកសាងមណ្ឌលថែទាំជនចាស់ជរាគ្មានទីពឹងនោះ ឯក​ឧត្ដមឧបនាយករដ្ឋមន្រ្តីបានផ្តល់ការឯកភាព​ និងគាំទ្រលើគម្រោងនេះ៕

ដោយ រិទ្ធី