សម្ដេចតេជោ ហ៊ុន សែន៖ ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់ ដើម្បីរម្លឹកគុណូបការៈ និង​ស្នាដៃរបស់បុព្វបុរស បន្សល់ទុកនូវមរតកវប្បធម៌ដល់កូនចៅជំនាន់ក្រោយ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់ ដើម្បីរម្លឹកគុណូបការៈ និងស្នាដៃរបស់បុព្វបុរសដែល​បានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា អបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ ឆ្នាំ២០២០។ ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកគុណូបការៈ និង ស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរ បែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។ សម្ដេចតេជោបានបន្តថា ការ​ប្រារព្ធវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេក​ទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរម្លឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និង​មនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឱ្យសិ្ថតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌​ចម្រុះ​នៃសហគមន៍ជាតិនៅព្រះរាជាណាចក្រកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។

គួរបញ្ជាក់ដែរថា ទិវាវប្បធម៌ជាតិ ត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ ១៩៩៨ ហើយរាជរដ្ឋាភិ​បាលបានកំណត់យកថ្ងៃទី០៣ខែមីនា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវានេះ។ តាមកម្មវិធីដែល​បានគ្រោងទុក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រ​កម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា ដែល​ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ៕

ដោយ ជឹម ណារី