ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគម្រោងផ្លូវជាតិលេខ៥៥

AKP ភ្នំពេញ ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២០ — ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់​ជាផ្លូវការផ្លូវជាតិលេខ៥៥ និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ថ្មី។

បើតាមការផ្សាយ​របស់ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា កិច្ច​ប្រជុំនេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការត្រៀមរៀបចំរបស់គណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀង ៗខ្លួន សំដៅឱ្យការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមការគ្រោងទុក។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសមាជិក សមាជិកា គណៈកម្មការត្រៀមរៀបចំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការបានស្នើឱ្យគណៈកម្មការទទួលបន្ទុក ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធឱ្យបានជិតស្និទ្ធ ដើម្បីពន្លឿនការងាររបស់ខ្លួនដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់តាមកាលកំណត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ (១៩១+១៥០) រហូតដល់ភ្នំក្រវាញ-ស្រុកវាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិ  បតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី