រដ្ឋមន្រ្តីក្រសួងទេសចរណ៍បង្ហាញថា អង្គការទេសចរណ៍ពិភពលោកទទួលស្គាល់ថា វិស័យទេសចរណ៍ពិតជារងគ្រោះដោយឥទ្ធិពលនៃជំងឺឆ្លងCovid-19 

AKP សៀមរាប ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដាក់ឱ្យអនុវត្តន៍នូវវិធានការចាំបាច់ និងសកម្មភាពការងារជាអាទិភាព ជាមួយនឹងគម្រោងព្រឹត្តិការណ៍សំខាន់ៗ ដើម្បីជួយស្តារឡើងវិញវិស័យទេសចរ ណ៍ខេត្តសៀមរាប កាលពីរសៀលថ្ងៃចន្ទ ០៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ថា អង្គការទេសចរណ៍ពិភពលោកបានទទួលស្គាល់ថា វិស័យ ទេសចរណ៍ គឺបានរងគ្រោះដោយឥទ្ធិពលនៃវិបត្តិជំងឺឆ្លងCovid-19។ បើតាមការប៉ាន់ប្រមាណរបស់ក្រុមប្រឹក្សាភិបាលនៃការធ្វើដំណើរ និងទេសចរណ៍ពិភពលោក(WTTC) បានបង្ហាញថា វិបត្តិជំងឺCovid-19​ មានផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងវិស័យទេសចរណ៍ធ្ងន់ធ្ងរដោយធ្វើឱ្យខាតបង់ថវិការាប់ពាន់លានដុល្លារអាម៉េរិកនៅទូទាំងពិភពលោក។

ឯកឧត្តម ថោង ខុន បានបន្តថា ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏អង្គការទេសចរណ៍ពិភពលោកមិនទាន់បានបញ្ចេញរបាយការណ៍ ស្តីពីទំហំជាក់ស្តែងនៃផលប៉ះពាល់ ដែលបណ្តាល មកពីវីរុសថ្មីកូរ៉ូណា មកលើវិស័យទេសចរណ៍ពិភពលោកនៅឡើយនោះទេ។ ប៉ុន្តែត្រូវមានការអំពាវនាវឱ្យប្រទេសជាសមាជិក មានការប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ និងបង្ការជំងឺឆ្លងCovid-19នេះ និងស្នើឱ្យវិស័យឧស្សាហកម្មទេសចរណ៍ ត្រូវអនុវត្តន៍តាមការណែនាំរបស់អង្គការសុខភាពពិភពលោក ឬ ក្រសួងសុខាភិបាលតាមប្រទេសនីមួយៗឱ្យបានជាប់ជាប្រចាំ ។ ព្រោះថា បើទោះជាស្ថិតក្នុងស្ថានភាពនៃវិបត្តិនេះក៏ដោយ ការធ្វើដំណើររបស់ទេសចរណ៍នៅតែអាចធ្វើទៅបាន។

ឯកឧត្តមបានបញ្ជាក់ថា វិបត្តិជំងឺឆ្លងCovid-19នេះ ក៏បានប៉ះពាល់ដល់កម្ពុជាផងដែរ បើទោះបីពេលនេះកម្ពុជាមិនទាន់មានអ្នកឆ្លងជំងឺកូរ៉ូណា ក៏ដោយជាពិសេសនៅខេត្តសៀម រាប ត្រូវបានប្រឈមខ្លាំងនឹងការធ្លាក់ចុះចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ចំពោះបញ្ហានេះសម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការគាំទ្រវិស័យទេស ចរណ៍ចំនួន៧ចំណុច ដែលតម្រូវឱ្យក្រសួងទេសចរណ៍ រួមសហការអនុវត្តន៍ជាមួយក្រសួងស្ថាប័នដែលពាក់ព័ន្ធ រួមទាំងប្រតិបត្តិការទេសចរណ៍ផងដែរ។ ក្នុងនោះមានការជំរុញចលនាទេស ចរណ៍ក្នុងស្រុក និងពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ ការរៀបចំព្រឹត្តិការណ៍នៅខេត្តសៀមរាបឆ្នាំ២០២០ឱ្យបានច្រើន ការជំរុញចលនាផ្សព្វផ្សាយក្រៅប្រទេស និងបញ្ជ្រាបការយល់ដឹងជាសាធារណៈ កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពក្នុងដំណាក់កាលវិបត្តិជាដើម៕

ដោយ ឃុត សៅ