រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្នើឱ្យអ្នកពូកែបង្ហោះព័ត៌មានមិនពិត បែរបង្ហោះព័ត៌មានល្អ សម្រាប់ប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើទៅកាន់អ្នកពូកែបង្ហោះ​ផ្សាយព័ត៌មានមិនពិត(Fake News) មកផ្សាយទៅជាព័ត៌មានល្អ ដើម្បីផ្សព្វផ្សាយជូន​ប្រជាជន​ទូទាំង​ប្រទេស។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការ​ក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បានស្នើសុំដល់អ្នកបង្ហោះព័ត៌មានមិនពិត  នាំគ្នា​ធ្វើព័ត៌មានល្អ(Good News) វិញ ដើម្បីផ្ដល់ជូនឱ្យប្រជាពលរដ្ឋទាំងអស់គ្នា។ ឯកឧត្ដមរដ្ឋមន្រ្ដី​បានបញ្ជាក់ថា “ខ្ញុំតែងតែប្រាប់ឱ្យមានការផ្សាយព័ត៌មានពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ហើយអ្នកសារព័ត៌មានតែងតែយកទៅផ្សាយបន្តផងដែរ”។ ឯកឧត្ដមបានលើកឡើងថា ចំពោះ​ករណីផ្សាយរបស់បុគ្គលមួយចំនួនពាក់ព័ន្ធនឹងការមិនទុកចិត្តលើក្រសួងសុខាភិបាលជារឿង របស់បុគ្គលប៉ុណ្ណោះ  ប៉ុន្តែអ្វីដែលក្រសួងធ្វើគឹដើម្បីប្រជាពលរដ្ឋទាំងអស់។ “យើងគិតថាអ្វី​ដែលយើងធ្វើជាគឺជាការងារមួយដែលត្រូវគិត និងជាបញ្ហាជននោះយើងយល់ពីការងារ ពេទ្យ​របស់យើង។ ដូច្នេះយើងទាំងអស់គ្នាដឹងហើយថាមានសំណើមួយចំនួន ហើយសំណើនោះ​យើងធ្វើបានគឺយើងធ្វើជូនព្រោះប្រជាពលរដ្ឋមានការភ័យ ពេទ្យយើងក៏ធ្វើការផ្តល់យោបល់ ជូនគាត់ផងដែរ”។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម ម៉ម ប៊ុនហេង។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ការធ្វើការងារនេះគឺមិនមែនតែពេទ្យប៉ាស្ទ័រនោះទេ  គឺមាន​ការសហការជាមួយពេទ្យរុស្ស៊ីក៏ធ្វើការផងដែរ ហើយនៅពេលខាងមុខនេះ នឹងមានឧបករណ៍​របស់ជប៉ុនផ្តល់ជូនកម្ពុជា ឈ្មោះថា «ដេសគ្រីត»។ ឯកឧត្ដមរដ្ឋមន្ត្រីបានអះអាងថា ក្រសួង​មិន​ចង់ឱ្យមានការប៉ះទង្គិចនៅក្នុងសង្គមនោះទេ គឺចង់ឱ្យមានសុខដុមរមនាក្នុងសង្គមជាតិ​ជាមួយគ្នា។ ឯកឧត្ដមបានបន្ថែមថា “ខ្ញុំតែងតែលើកឡើងថាអ្នកដែលផ្សាយព័ត៌មាន​មិនពិត​(Fake News)មកផ្សាយជាព័ត៌មានពិតល្អ ដើម្បីជួយអប់រំប្រជាពលរដ្ឋរបស់យើង ប្រយុទ្ធជា​មួយជំងឺកូវីដ១៩ ដោយកុំប្រយុទ្ធជាមួយខ្ញុំ និងមន្ត្រីសុខាភិបាល ព្រោះគ្នានឿយណាស់ គួរ​ជួយលើកទឹកចិត្តគ្នាដែលខិតខំធ្វើការងារ  ហើយរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ”។

ឯកឧត្ដម ម៉ម ប៊ុនហេង បានបន្ថែមទៀតថា មិនគួរមកធ្វើការទាស់ជាមួយក្រសួង​សុខាភិ​​បាលនោះទេ ព្រោះថាបុគ្គលិកទាំងនេះជាមន្ត្រីរាជរដ្ឋាភិបាល បានខិតខំធ្វើការងារតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាល និងបម្រើសុខភាពជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ៕

ដោយ ប៊ុនរិទ្ធ រូបថត៖ យឹម សុវឌ្ឍនា