ជប៉ុនផ្ដល់ប្រាក់ភាគទានថ្មីចំនួនជិត១លានដុល្លារអាម៉េរិក ដល់​ភាគី​អន្តរជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ — រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្តល់ភាគទាន​ថ្មីក្នុងទឹកប្រាក់​ចំនួន៩៦០.០០០ ដុល្លារ​អាម៉េរិក ដល់​​​ភាគី​អន្តរជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បីបន្ដដំណើរការងារទៅ​តាមនីតិវិធី ដើម្បីស្វែងរកយុត្ដិធម៌ជូនប្រជាជនកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌​មានរបស់អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ជាមួយ​ប្រាក់​ភាគទាន​នេះ ប្រទេស​ជប៉ុន​បាន​ផ្តល់​ជំនួយ​ដល់​ភាគី​ជាតិ និង​អន្តរជាតិ​នៅ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជាជាង ៨៨ លាន​ដុល្លារ​អាម៉េរិក ឬ ២៩ភាគរយ នៃប្រាក់​ភាគទាន​សរុប​ដែលម្ចាស់​ជំនួយ​​បាន​ផ្តល់ជូន ​គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២០។ ប្រការ​នេះ​ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន​ក្លាយ​ជា​ប្រទេសផ្តល់​ជំនួយ ច្រើន​ជាង​គេ​ដល់អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចាប់​តាំង​ពី​ពេល​បង្កើត​តុលាការ​នេះមក។

ឯកឧត្តម ​ក្រាញ់ តូនី ប្រធាន​ការិយាល័យរដ្ឋបាល​ស្តីទី និង​លោក Knut Rosandhaug ​អនុ​ប្រធាន​ការិយាល័យរដ្ឋបាល​បាន​មានប្រសាសន៍​នៅក្នុង​​សេចក្តីថ្លែង​ការណ៍រួម​គ្នា​ថា អង្គ ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា សូម​ថ្លែង​អំណរគុណ​ដល់​ការប្តេជ្ញាចិត្តខ្ពស់​របស់​ប្រទេស​ជប៉ុន​ចំពោះ​ច្បាប់​ព្រហ្មទណ្ឌអន្តរជាតិ និងការស្វែងរក​យុត្តិធម៌ជូន​ប្រជាជន​កម្ពុជា ដូច​បាន​បង្ហាញ​តាមរយៈ​ការ​បន្ត​ផ្តល់​ការ​គាំទ្រ​យ៉ាង​ធំធេង​ដល់​តុលាការ​នេះ។ ឯកឧត្ដមបានចាត់ ទុកថា “ប្រាក់ភាគទាន​ថ្មីនេះ​មាន​សារៈសំខាន់​ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ក្នុង​ការបញ្ចប់​អាណត្តិ​ការងារ​របស់​ខ្លួន ដោយ​ពុំ​មានការអាក់​ខាន​នៅក្នុងកិច្ចដំណើរ​ការ​នីតិវិធី​តុលាការ”៕

ដោយ រិទ្ធី