តម្លៃនៃសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍ

AKP កំពង់ចាម ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ — តម្លៃនៃសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខដុមនីយកម្ម និងការ អភិវឌ្ឍរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងការដាក់សម្ពោធឱ្យប្រើប្រាស់នៅផ្លូវបេតុងមួយខ្សែប្រវែង៥000ម៉ែត្រ និងសមិទ្ធផលនានាជាច្រើនក្នុងវត្តទួលចាន់ ស្ថិតក្នុងភូមិស្វាយរ័ក្ស ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័កពុទ្ធ សករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបាន មានប្រសាស ន៍ថា តម្លៃនៃសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍ រីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នក្រោមការ ដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ សមិទ្ធផលទាំងឡាយដែលកើតចេញនៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ នេះក៏កើតចេញដោយសារប្រទេសជាតិមានសុខសន្តិភាពពិសេសសមិទ្ធផល ទាំងឡាយ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះផ្ដើមចេញពីកត្តាសុខសន្តិភាពនេះហើយ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ប្រទេសជាតិមួយមានឱកាសធ្វើការអភិវឌ្ឍពេញលេញបានលុះត្រាប្រទេសជាតិនោះមានសុខសន្តិភាព។ កត្តាសុខសន្តិភាពនេះហើយគឺជា កត្តាចម្បងបំផុតក្នុងការមានឱកាសសម្រាប់ធ្វើការអភិវឌ្ឍរាល់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខសប្បាយ និងមានពេលវេលាក្នុងការប្រកបមុខរបរផ្សេងៗសម្រាប់សេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។

ឯកឧត្ដម អ៊ុន ចាន់ដា បានលើកឡើងថា តម្លៃនៃសន្តិភាពពិតជាមានសារៈសំខាន់ ខ្លាំងណាស់សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ។

ដូចនេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស សម្រាប់អនាគតប្រទេស ជាតិ និងកូនចៅរបស់យើង។ យើងរស់នៅក្នុងសុខសន្តិភាពប្រកបដោយសេចក្តី សុខទើប មានឱកាសធ្វើការអភិវឌ្ឍប្រទេសជាតិ និងគ្រួសារនិងការរីកចម្រើនហើយបងប្អូនជនរួមជាតិ ទាំងអស់ត្រូវរួមគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នា និងចូលរួមការពារនូវ គ្រោះអគ្គិភ័យទាំងឡាយ ដែលកើតមានជាយថាហេតុព្រោះគ្រោះថ្នាក់ចរាចរ និងគ្រោះ អគ្គិភ័យនាំឱ្យបង្កមហន្តរាយដល់សេដ្ឋកិច្ចគ្រួសារ៕

ដោយ ឆាយ ម៉ុត