ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា ជួបពិភាក្សាជាមួយក្រុមប្រឹក្សា និងអភិបាល ខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ — ប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្ម​ការទី២) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជួប​ពិភាក្សា​ការងារ ជាមួយនឹង ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ នៅ សាលប្រជុំសាលា ខេត្តពោធិ៍សាត់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។ ក្នុងជំនួបនេះ ធ្វើឡើងក្នុងគោលបំណង គឺដើម្បីឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅ​បន្ថែមទៀត លើបញ្ហាមួយចំនួន រួមមាន ទី១. ការអនុវត្តគោលនយោបាយកំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងបុព្វបទថ្មី នៃការផ្ទេរធនធានមនុស្ស និងថវិកា ឱ្យដល់មូល​ដ្ឋាន។ ទី២. វឌ្ឍនភាពនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ តាមខ្លឹមសារ​នៃអនុក្រឹត្យលេខ ១៨២អនក្រ.បក ១៨៣អនក្រ.បក និង១៨៤អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទី៣. ប្រសិទ្ធភាព ក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់​សេវា​សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ក្រុង ស្រុក ខណ្ឌ ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ «ទទួល-ទូទាត់» ការធ្វើគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ការប្រើប្រាស់មូលនិធិឃុំ សង្កាត់ «រជ្ជទេយ្យ​បុរេប្រទាន» ជាបញ្ហាប្រឈម។​ ជាមួយគ្នានេះ គណៈប្រតិភូក៏ចង់ឈ្វេង​ស្វែងយល់ពី​សមត្ថភាព​ក្នុងការកសាង និងអនុវត្តន៍គម្រោងអភិវឌ្ឍន៍ ថ្នាក់ ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់ របស់ខេត្ត ព្រមទាំងបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍មូលដ្ឋាន ការអនុវត្តគោល​នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ។ លើសពីនេះទៀត ការចូល​រួមអភិវឌ្ឍន៍​មូល​ដ្នាន របស់អង្គការមិនមែនរដ្ឋាភិបាល (NGOs) ព្រមទាំងចុះមក​ប្រមូលព័ត៌មានអំពីប្រសិទ្ធ​ភាពនៃការអនុវត្តការងារ បញ្ហាប្រឈមនានានៅខេត្តពោធិ៍សាត់៕

ដោយ ណយ នឿន (បភព៖ រដ្ឋបាលខេត្តពោធិ៍សាត់)