សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការប្រយុទ្ធនឹងការរីករាដាលកូវីដ១៩ គឺជាមូលហេតុចម្បង ដែលនាំឆ្ពោះទៅរកការផ្អាកកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការប្រយុទ្ធទប់ស្កាត់ និងការរីករាដាលកូវីដ១៩ គឺជាមូលហេតុចម្បង ដែលនាំឆ្ពោះទៅរកការ ផ្អាកកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុន នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិកនោះ។

ក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នា ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា  តាមការគ្រោងទុក កិច្ចប្រជុំកំពូលអាស៊ាន និងសហរដ្ឋអាមេរិក នឹងធ្វើនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក៏ប៉ុន្តែក្នុងសភាពការណ៍ដ៏ពុះកញ្ជ្រោលនៃបញ្ហាទាក់ទិនជាមួយ និងរឿងវីរុស​កូរ៉ូណា​ថ្មី ដែលមាឈ្មោះថា កូវីដ១៩នេះ តម្រូវឱ្យមានការលើកពេល ដោយប្រធានាធិបតី សហរដ្ឋអាមេរិកដូណាល់ត្រាំ។ សម្ដេចតេជោគូសបញ្ជាក់ថា ចំណុចនេះមានការវិភាគវាយ​តម្លៃ​របស់​មនុស្សមួយចំនួនថា យ៉ាងនេះ ឬយ៉ាងនោះ ក៏ប៉ុន្តែបញ្ហានេះមានតែសហរដ្ឋអាមេរិក​មួយគត់ ហើយក៏មានតែប្រធានាធិបតីអាម៉េរិក និងសហការីរបស់ពួកគាត់តែប៉ុណ្ណោះ ដែល​មានលទ្ធភាព និងបញ្ចេញព័ត៌មានមកថា មកពីមូលហេតុអ្វី។ សម្ដេចតេជោបានថ្លែងបន្ដថា  មូលហេតុសំខាន់ គឺសហរដ្ឋអាមេរិកបានលើកពីការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាល​ដាល​នៃកូវីដ១៩ ដោយត្រូវចាត់តាំងអនុប្រធានាធិបតីទទួលបន្ទុកជាប្រធាន ដោះស្រាយបញ្ហា​កូវីដ​១៩នេះ។ សម្តេចតេជោបានបន្តថា មានការលើកឡើងថា ការផ្អាកការប្រជុំអាស៊ាន- អាម៉េរិក នៅលើទឹកដីអាម៉េរិកនេះ ដោយសារថា អាចនឹងមិនមានការទៅចូលរួមពី​មេដឹកនាំ​អាស៊ានមួយចំនួនដែលមិនទៅចូលរួម តាមការអញ្ជើញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដូចជាប្រធានាធិបតីហ្វីលីពីន ដែលជាប្រទេសមានប្រជាជនជាង១០០លាន នាក់ ការមិន​ទៅចូលរួមរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីដែលជាប្រទេសមានប្រជាជនជិត៣០០លាននាក់ និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលកំពុងមានបញ្ហា ទាក់ទងបញ្ហាប្រទាញប្រទង់គ្នា​ក្នុងការតែង​តាំងនាយករដ្ឋមន្ត្រី។ សរុបប្រទេសទាំងបីនេះមានប្រជាជនជាងពាក់កណ្តាល​នៃប្រជាជននៅ​ក្នុងតំបន់អាស៊ានដែលមិនចូលរួម ដែលជាមូលហេតុនៃការលើកពេលនៃកិច្ចប្រជុំកំពូល អាស៊ាន-អាម៉េរិក។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការអវត្តមាន របស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក បីឆ្នាំជាប់គ្នា​ដែលសហរដ្ឋ​អាមេរិក​បញ្ជូនត្រឹមតំណាងមកចូលរួមប៉ុណ្ណោះ ហើយចុងក្រោយនេះ អាម៉េរិកបញ្ជូនត្រឹមទី​ប្រឹក្សា​សន្តិសុខមកតំណាងដែលមិនស័ក្តិសមជាមួយតួនាទីនៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​អាស៊ាននោះទេ។ បញ្ហានេះមេដឹកនាំអាស៊ានបានមើលឃើញថា អាម៉េរិកបានចាត់ទុកនយោ បាយរបស់សហរដ្ឋអាម៉េរិកមកលើអាស៊ានហាក់ដូចជាស្រាលពេក។ នេះជាចំណុចដែល​អ្នកវិភាគមួយចំនួនបានលើកឡើង។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា “ក៏ប៉ុន្តែខ្ញុំយល់ថា មូលហេតុស្ដីពីការប្រយុទ្ធនឹងកូវីដ១៩ គឺជាមូលហេតុចម្បង ដែលនាំឆ្ពោះទៅរកការផ្អាក​កិច្ចប្រជុំនេះសិន ព្រោះជួបគ្នានៅពេលក្រោយក៏វាមិនទាន់យឺតពេលដែរ ប្រសិនបើត្រូវ​ការចង់ជួប។ ជាងនេះទៀត អាម៉េរិកក៏បានឱ្យតម្លៃខ្ពស់ទៅលើសារៈ​សំខាន់នៃទំនាក់ទំនង​រវាងអាម៉េរិក និងអាស៊ានដែរ ដោយសារតែសហរដ្ឋអាមេរិក ជាពិសេសលោកប្រធានាធិបតី ដូណាល់ ត្រាំ គឺបានខកខានមិនបានចូលរួមការប្រជុំអាស៊ាន និងអាម៉េរិក”។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក ចង់ពង្រឹងទំនាក់ទំនងរវាងអាម៉េរិក និងអាស៊ាន នេះគឺជាគោលដៅពិត ប៉ុន្តែបញ្ហាកូវីដ១៩នេះ វារំខានទៅដល់បញ្ហានោះ មិន​មែនបានសេចក្ដីថាអាម៉េរិក មិនយកចិត្តទុកដាក់ក្នុងទំនាក់ទំនងភាពជាដៃគូជាមួយនឹង អាស៊ាននោះទេ ដូច្នេះសង្ឃឹមថា កុំឱ្យមានការភ័ន្តច្រឡំ ក្នុងចំណោមអ្នកវិភាគទាំងឡាយ។

គួរបញ្ជាក់ដែរថា យោងតាមលិខិតរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ជម្រាបជូន ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក៏បានបញ្ជាក់ដែរថា «លោក David Stilwell ឧបការីរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក និងលោក Matthew Pottinger ឧបការីរងរបស់ប្រធានាធិបតី បានជម្រាបជូនឯកអគ្គរាជទូត និងឯកអគ្គ​រដ្ឋ​ទូតអាស៊ាន តាមរយៈកិច្ចប្រជុំតាមទូរស័ព្ទ (Conference Call) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចលើកពេលនៃកិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន-អាម៉េរិក ដើម្បីផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹង​ការរីករាលដាល​របស់មេរោគCovid-19៕

ដោយ ជឹម ណារី